ភិរុណ បុគ្គលិកម្នាក់នៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បាននាំខ្ញុំទៅបន្ទប់ជាន់ក្រោម ដែលសារមន្ទីរបានរៀបចំជាពិព័រណ៍តូចមួយសម្រាប់នាងបុបា្ផណា។ ខ្ញុំសម្លឹងកែវភ្នែកទាំងគូរបស់នាងទាំងក្តុកក្តួល។ ភ្នែកដែលគ្មានតក់ស្លុតចំពោះអ្វីសោះ នៅតែមានរស្មីផ្លេកៗ ស្រស់ញញឹម ស្ថិតនៅចំពោះមុខខ្ញុំ។ តាមពិតទៅ ខ្ញុំខំទប់ទឹកភ្នែកខ្លាំងណាស់។ ខ្ញុំមិនហ៊ានសម្លឹងភ្នែកគាត់ចំពេកទេ ព្រោះវាតែងតែធ្វើឲ្យខ្ញុំខ្មាសអៀនទៅវិញ ដែលបើប្រៀបធៀបនូវសេចក្តីក្លាហានរបស់នាង គឺខ្ញុំមិនមានអ្វីប្រដូចទេ។
ទោះបីជាភ្ញៀវទេសចរកំពុងដើរចុះដើរឡើង មើលពិព័រណ៍នោះ ខ្ញុំនៅតែសម្លឹងមើលរូបថតរបស់ស្រ្តីខ្មែរម្នាក់នេះ ដែលដូចជាជនរងគ្រោះកម្ពុជាដទៃទៀតដែរ បានស្លាប់ដោយអយុត្តិធម៌ និងមិនអស់ចិត្ត។ នាងមិនមានឱកាសក្នុងការបង្ហាញឲ្យអស់ពីទឹកចិត្ត ពោលគឺបានត្រឹមតែសរសេរសំបុត្រស្នេហាទៅប្តីរបស់នាង និងរៀបរាប់អំពីសេចក្តីព្រួយ និងទុក្ខលំបាករបស់នាងប៉ុណ្ណោះ។ បន្ទាប់ពីបានឈរសម្លឹងមើលភ្នែករបស់នាងមួយស្របក់ និងខំទប់ទឹកភ្នែកមិនឲ្យស្រក់មក ភិរុណបាននាំខ្ញុំទៅអុជធូប ដើម្បីសូមការអនុញ្ញាតពីវិញ្ញាណក្ខន្ធនាងបុបា្ផណា និងសូមព្រលឹងរបស់នាងជួយថែរក្សា ផ្តល់កម្លាំងចិត្ត និងជួយប្រសិទ្ធពរឲ្យគម្រោងសរសេរប្រលោមលោកអំពីជីវិតរបស់នាងទទួលបានជោគជ័យ។
កាលពីដើមឆ្នាំ២០១៧ លោក ឆាយ វិសុទ្ធ ដែលបច្ចុប្បន្ន ជានាយកសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានណាត់ជួបខ្ញុំ និងសុជាតា មិត្តជិតស្និទ្ធរបស់ខ្ញុំ នៅភោជនីយដ្ឋានមួយនៅម្តុំបឹងកេងកង។ គាត់បានប្រាប់អំពីបំណងចង់ចងក្រងប្រវត្តិរបស់គាត់ ជាសៀវភៅប្រលោមលោក។ ដោយយើងទាំងពីរនាក់ សុជាតា និងខ្ញុំ ជាអ្នកនិពន្ធប្រលោមលោក និងមានបទពិសោធន៍បោះពុម្ពសៀវភៅស្រាប់ ពួកយើងយល់ព្រមមួយរំពេច និងមានសេចក្តីអំណរយ៉ាងខ្លាំង ដែលត្រូវបានអញ្ជើញជាអ្នកនិពន្ធអំពីជីវិតរបស់នាងបុបា្ផណា។
ចាប់ពីពេលនោះមក ខ្ញុំត្រូវរំលែកកាលវិភាគដ៏មមាញឹកពីការងារពេញម៉ោង មកសារមន្ទីរទួលស្លែង ដើម្បីអាន និងស្រាវជ្រាវលំអិតពីខ្សែជីវិតរបស់នាង និងដើម្បីបានគំនិតមកសរសេរបែបច្នៃប្រឌិត។ បន្ទាប់ពីបានគំនិតខ្លះហើយ ខ្ញុំ និងសុជាតាបានជួប និងពិភាក្សាគ្នាជារឿយ អំពីឈុតឆាកនៃខ្សែរឿងនេះ។ ក្រោយមក ពួកយើងក៏បានបែកចែកជាវគ្គ ដូចដែលអ្នកអានបានអានរួចមកហើយនេះ។ ក្រៅពីការអានលិខិតរបស់នាង និង ដែត ខ្ញុំបានមើលភាពយន្តឯកសារទាក់ទងនឹងនាងបុប្ផាណានៅមជ្ឈមណ្ឌលសោតទសន៍បុប្ផាណា ប្រឹក្សានឹងឯកសារយោងតាមសៀវភៅ និងព័ត៌មានតាមប្រព័ន្ធអ៊ិនធឺនែតបន្ថែម។
ខ្ញុំពិតជាមានក្តីរំភើបណាស់ ដែលផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី តាមរយៈលោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា ផ្តល់ឱកាស និងពេលវេលាជជែកប្រឹក្សាជាមួយខ្ញុំ ដែលនាំឱ្យមានគំនិតមួយចំនួនទៀតក្នុងការសរសេររឿងនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណដល់អ្នកអាន ដូចជា គឺ សុជាតា ជា សុភាព ជ័យ ច័ន្ទកិត្យា វង្ស សុជាតា និងជាពិសេសក្រុមការងារចងក្រង និងស្រាវជ្រាវឯកសារនៅសារមន្ទីរទួលស្លែង ដែលបានផ្តល់មតិត្រលប់ដ៏មានតម្លៃ និងជាហេតុនាំឱ្យខ្ញុំ ខិតខំស្រាវជ្រាវបន្តទៀត ដើម្បីធានាឱ្យបាននូវភាពសុក្រិតតាមតែអាចធ្វើបាន។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែដឹងថា អ្វីដែលខ្ញុំបានសរសេរ មិនអាចឆ្លុះបញ្ចាំងពីការពិត និងរឿងរ៉ាវបង្កប់ពីក្រោយដោយអស់សេចក្តីបានឡើយ។ ខ្ញុំសង្ឃឹមថា រឿងប្រលោមលោកមួយនេះ នឹងជាគន្លឹះបន្ត ជាទុន សម្រាប់ការសិក្សាស្រាវជ្រាវ និពន្ធនានា នាពេលអនាគត។
សម្រាប់ខ្ញុំ គម្រោងសរសេរនេះ គឺជាកិត្តិយសមួយយ៉ាងធំធេងសម្រាប់ខ្ញុំ។ កាន់តែសរសេរ ខ្ញុំកាន់តែស្ញើចសរសើរពីវីរភាពរបស់នាង ដែលហ៊ានផ្គើន មិនញញើត និងមិនចុះញមនឹងភាពអយុត្តិធម៌ បើទោះបីជានាង ត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ក៏ដោយ។ បុបា្ផណា គឺជានារីខ្មែរម្នាក់ ដែលខ្ញុំតែងតែគិតថាជាស្រ្តីគម្រូ និងជាភ័ស្តុតាងមួយស្តីពីភាពអង់អាចក្លាហាន ក្នុងការបញ្ចេញពីអារម្មណ៍ ក្តីស្រឡាញ់ និងភក្តីភាព និងការទាមទារនូវយុត្តិធម៌សម្រាប់នាង ប្តីនាង និងសេចក្តីស្នេហារបស់នាង។ រឿងរ៉ាវរបស់នាង បានធ្វើឱ្យខ្ញុំគិតថាប្រហែលជានៅមានរឿងរ៉ាវតស៊ូ រើបំរាស់ ជំនះនឹងរបបយង់ឃ្នងនេះច្រើនទៀត ដែលគួរតែត្រូវបានគេស្រាវជ្រាវ ចងក្រងទុកជាឯកសារបន្ថែមទៀត។
ខ្ញុំសូមឧទ្ទិសដល់ព្រលឹង ភាពមុះមុត មិនចុះញ៉មរបស់នាង ដោយសៀវភៅមួយក្បាលនេះ។ សូមព្រលឹងនាង និងប្តីឈ្មោះដែត ដែលបានទទួលមរណភាពដោយអយុត្តិធម៌បំផុតនៅ បានទៅដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមឱ្យវីរភាពរបស់នាងបុប្ផាណានៅតែបន្តរស់រានក្នុងបេះដូងជនជាតិកម្ពុជាជានិច្ចនិរន្តរ៍។
រាជធានីភ្នំពេញ, ៣០ មីនា ២០១៧
សូ ភីណា