ខ្ញុំបានទៅលេងទីក្រុងប៉ារីស ប្រទេសបារាំង។ ខ្ញុំតែងតែគិតថា ក្រៅពីទៅទស្សនាទីកន្លែងទេសចរណ៍សំខាន់ៗ និងបានញ៉ាំអាហារឆ្ងាញ់ នឹងគ្មានអ្វីជាពិសេសទេ។ តែតាមពិត ខ្ញុំបានទទួលនូវបទពិសោធន៍ចំនួនបីដ៏គួរឲ្យរំភើបរីករាយ។ ខ្ញុំនឹងរៀបរាប់អំពីបទពិសោធន៍ទាំងបីនេះ។

ទីមួយគឺការទទួលបានការស្នាក់នៅផ្ទះរបស់មិត្តភត្តិបារាំងម្នាក់ ដែលផ្ទះនោះស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងប៉ារីស។ សង្កាត់នោះគឺ បាស្ទីយ៍ (Bastille) និងស្ថិតនៅលើផ្លូវ រូ ឌឺ ឡាប (Rue de Lappe)។ នៅពេលយប់ ផ្លូវមួយនេះគឺអ៊ូអរណាស់ ពោរពេញទៅដោយយុវវ័យ ដើរត្រសងពាសពេញផ្លូវ រកចូលបា ក្លឹប និងអាហារនាពេលល្ងាចដ៏សែនមនោរម្យ។ បន្ទប់ដែលខ្ញុំស្នាក់នៅ គឺតូចយកតែមែនទែន ពោលគឹសម្រាប់តែមនុស្សតែម្នាក់គត់ស្នាក់នៅ។ បើនៅពីរនាក់ នោះគេនឹងដើរបុកតែគ្នា ជាមិនខាន។ នៅពេលដែលខ្ញុំប្រាប់មិត្តភក្តិដទៃទៀត អំពីអសយដ្ឋានដែលខ្ញុំបានស្នាក់នៅនៅទីក្រុងប៉ារីស គ្រប់គ្នាពោលថា «ឱ! នេះបានចំជាកណ្តាលទីក្រុងមែន!»។ ខ្ញុំពិតថាសំណាងណាស់ ដែលបានទទួលបានបទពិសោធន៍វប្បធម៌ប៉ារីសយ៉ាងពិតប្រាកដ។

បទពិសោធន៍ទីពីរគឺ ការជួប សុបុត្រា ដោយផ្ទាល់ជាលើកដំបូង ហើយគឺនៅទីក្រុងប៉ារីសទៅទៀត។ ខ្ញុំស្គាល់សុបុត្រាតាមរយៈសុជាតា មិត្តជិតស្និទ្ធរបស់ខ្ញុំ។ ក្រោយមក សុបុត្រាបានផ្ញើរឿងខ្លីចំនួន២ចំណង ដែលក្រោយមកកម្ពុមេរា បានសម្រេចជ្រើសរើសរឿងមួយចំណងជើង «ខុសគេ» ដើម្បីដាក់បញ្ចូលទៅក្នុងការបោះពុម្ពលើកទីបី របស់កម្ពុមេរា ប្រចាំឆ្នាំ២០១៧ «ប៉ុនធឿន ២០១៧ និងរឿងខ្លីដទៃទៀត»។ ក្រោយពេលដែលបានដឹងថា ខ្ញុំនឹងទៅលេងប៉ារីស ខ្ញុំបានប្រាប់សុបុត្រាឲ្យដឹង។ ក្រោយមក យើងក៏បានណាត់ជួបគ្នានៅស្ថានីយ៍រថភ្លើងក្រោមដី មីស៊្សែល នៅច្រកចេញទឹកធ្លាក់ (ខ្មែរយើងចំណាំហៅថានាគបាញ់ទឹក)។ ដោយសារគ្មានអ៊ីនធឺនែត ខ្ញុំក៏សម្រេចចិត្តចូលផឹកកាហ្វេមួយកែវនៅហាងកាហ្វេមួយឈ្មោះ Café Saint Severin Saint Michel ដើម្បីអាចទូរស័ព្ទទៅសុបុត្រា។ ក្រោយពីបានជួបគ្នា សុបុត្រាបាននាំខ្ញុំទៅទីកន្លែងជាច្រើន ហើយអ្វី ដែលពិសេសនោះគឺ គេបានប្រាប់ខ្ញុំអំពីរឿងរ៉ាវជាច្រើន ដែលទាក់ទងនឹងទីកន្លែង ដែលគេបាននាំខ្ញុំទៅ។ បើខ្ញុំដើរម្នាក់ឯង ខ្ញុំប្រាកដជាមិនបានដឹងនូវរឿងរ៉ាងទាំងអស់នោះទេ។ រឿងមួយគឺទាក់ទងនឹងរូបសំណាក ដែលនៅអ៊ឺរុប ដែលភាគច្រើនគេឆ្លាក់ជារូបមនុស្សស្រាត។ សុបុត្រា បាននិយាយថា ប្រជាជននៅអ៊ឺរុបគិតថា «គ្មានអ្វីល្អស្អាតជារូបរាងកាយរបស់មនុស្សនោះទេ!»។ សុបុត្រាក៏បាននិយាយពាក្យខ្មែរយ៉ាងច្បាស់ៗ ដែលស្ទើរតែមិនគួរឲ្យជឿថា ជាអណិកជនខ្មែររស់នៅទីក្រុងប៉ារីសជាង១០ឆ្នាំមកហើយនោះទេ។ ជាចុងក្រោយ គេបាននាំខ្ញុំទៅ Pavilion du Cambodge ដែលនៅទីនោះ ខ្ញុំបានឃើញកូនខ្មែរមួយចំនួន បានខិតខំចំណាយពេលថ្ងៃអាទិត្យ ទៅហាត់រៀនរបាំខ្មែរបុរាណ។
ទីបីគឺជាការជួបជុំរបស់មិត្តសិល្បករ ដែលកំពុងតែស្នាក់នៅ និងធ្វើការនៅទីក្រុងប៉ារីស។ នៅថ្ងៃទី២១ ខែវិច្ឆិកា ២០១៧ បងឆាត ភាសាត ស្សង់បាទីស្ទន៍ ភូ នាង កាវិច និងបុរសខ្មែរម្នាក់ទៀត បានណាត់ជួបគ្នានៅស្ថានីយ៍ Cite ដើម្បីអានសំណៅបកប្រែរបស់ប្រលោមលោកប្រឌិតរបស់អ្នកនិពន្ធខ្មែរ សុទ្ធ ប៉ូលីន ដោយស្សង់បាទីស្ទន៍។ ក្រោយពីបានជួបគ្នានៅស្ថានីយ៍រួច ពួកយើងបានដើរតាម ការនាំមុខដោយស្សង់បាទីស្ទន៍។ ក្រោយមក យើងបានទីដល់កោះតូចមួយ ដែលមានដើមឈើមួយដើម ធ្លាក់មែកសាខាសំយ៉ុងចុះទៅក្នុងទឹកទន្លេសែន។ យើងបានអង្គុយចុះ ស្សង់បាទីស្ទន៍ក៏ចាប់ផ្តើមអានជាភាសាអង់គ្លេស។ កោះតូចនោះជាកន្លែងដែលខ្ញុំចូលចិត្តបំផុតនៅក្រុងប៉ារីស។

ខ្ញុំបានស្តាប់ ហើយអ្វីដែលខ្ញុំបានស្តាប់ គឺជាអក្សរសិល្ប៍របស់សុទ្ធ ប៉ូលីន ដែលខ្ញុំធ្លាប់អានពិតប្រាកដមែន។ ខ្ញុំបានធុំក្លិនប៊ិករបស់គាត់ ខ្ញុំបានស្រមៃឃើញសកម្មភាពរបស់គាត់ ក្នុងការបើកបរនៅទីក្រុងប៉ារីស និងវិប្បដិសារីរបស់គាត់ ចំពោះអនាគតរបស់កម្ពុជា។ ពេលយើងដើរត្រលប់មកវិញ ស្សង់បាទីស្ទន៍បានអានបន្តរហូតដល់ចប់។ ពេលត្រលប់មកវិញ យើងបានចូលទៅហាងសៀវភៅភាសាអង់គ្លេស ខ្ញុំបានទិញសៀវភៅបួនក្បាល និងបានទទួលសៀវភៅមួយក្បាល ពីបងឆាតផងដែរ។ គួរឲ្យស្រឡាញ់ណាស់។

It’s pretty nice journal. Thanks for sharing this beautiful memory in Paris.
LikeLike