កំណាព្យឆ្លើយឆ្លង

កាលពីថ្ងៃទី ២៣ មេសា ឈាងលីបានសរសេរកំណាព្យនេះ។

គយគន់

គយគន់វត្តភ្នំ
ឃើញយាយពេញយំ
អាណិតកម្មករ
គយគន់ស្ពាននាគ
ស្ពានងាកអង្វរ
ឱ្យទ្រាំបន្ត
គ្រាក្រកម្សត់។

គយគន់មុខវាំង
ឮព្រាបយំគាំង
កៀនផ្លូវបែកបត់
បាត់បង់ចំណូល
ចំណាយសង្គត់
ការងារផ្តើមអត់
ព្រាបយំបន្ត។

គយគន់កោះកៀន
ឯករាជ្យវិមាន
ស្ងាត់អ្នកបើកបរ
គយគន់ដល់សួន
នឹមនួននៅល្អ
តែស្ងាត់អ្នកស្រ
មកលោមពិសី។

គយគន់ក្តាន់ពីរ
ក្តាន់ឥតអ្វីស៊ី
ដេកមើលសួនថ្មី
គន់ជ្រោយចង្វារ
គន់ផ្សារធំថ្មី
ផ្សារអូឫស្សី
ឃើញមើលតែមេឃ។

គយគន់ចុះឡើង
ខ្លួនស្រាលសឹងប៉ើង
ហេវហត់ស្លក់ស្លេក
កូវីដដប់ប្រាំបួន
អង្រួនឥតដេក
ផ្សារអង្វរមេឃ
តែមេឃនៅស្ងៀម៕

ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០
ម៉ោង ៧៖ ១៥ នាទី

បន្ទាប់មកគាត់បានដាក់ឲ្យខ្ញុំសរសេរកំណាព្យដែរ។ ខាងក្រោម ជាកំណាព្យរបស់ខ្ញុំ ឆ្លើយតបនឹងការបណ្តុះចិត្តពី Yeng Chheangly!

ឃើញគោមួយជុង
គោគេដាក់ទ្រុង
ទៅសត្តឃាដ
រូបភាពរំឮក
កម្មករព្រោងព្រៀត
តោងឡានប្រញ្ជៀត
ចេញចូលធ្វើការ។

សង្វេគក្នុងចិត្ត
សត្វមនុស្សពិត
ដូចគ្នាវាសនា
រណេងរណោង
តោងគ្នីម្នីម្នា
សង្វាតការងារ
កម្មករស្រីប្រុស។

ខ្ញុំគិតថាទូល
ទេវតាបណ្តូល
ព្រះព្រហ្មចម្រុះ
សូមជួយដឹងឮ
ញាតិយើងផងចុះ
សម្រួលសម្រុះ
សុខមាលភាព។

គេស្តីបន្ទោស
ថាល្ងង់ថាថោក
ល្មើសច្បាប់ប្រញ្រ្ជៀត
មូលមីរផ្តែផ្តុំ
ឆ្លងព្រោះចង្អៀត
ម្តេចមិនគិតញាតិ
ប្រាប់ហើយមិនតាម។

បើគ្នាមានសព្វ
ម៉្លេះមិនចំប្រប់
បំពានពាក្យហាម
បើមានវិធាន
ល្អហើយសមបាន
ជួយគ្នាសុខសាន្ត
តាមហើយរីករាយ។

បានត្រឹមតែហាម
ហើយពោលដៀមដាម
បន្ទោសឡើងពាយ
ក្រហើយឈឺទៀត
ប្រឈមឈឺកាយ
តូចចិត្តតែស្តាយ
កម្រៃជីវិត។

ទេវតាប្រជុំ
គ្មានពេលស្តាប់ខ្ញុំ
លោកជ្រាបខ្ញុំពិត
ព្រះឥន្ទ្រទ្រង់ផ្ទុំ
ព្រះព្រហ្មស្ងាត់ជ្រាប
តើខ្ញុំពឹងលាភ
ឬពឹងសំណាង។

រកព្រះអស់ចិត្ត
ក៏បែកគំនិត
ពឹងដើមខ្ពស់រាង
ដើមនោះដើមគ
ធ្មឹងឈរជង្គ្រាង
ខ្ញុំលើកដៃផ្ទៀង
ថ្លាថ្លែងសេចក្តី។

តែក្រោយក៏ស្តាយ
សែនអាណិតកាយ
ដើមគបានអ្វី
គ្រាន់តែលំអ
ភូមិស្រុកដែនដី
មានមាត់មិនស្តី
ពឹងថ្វីដើមគ។

២៥ មេសា ២០២០

រូបថត៖ យ៉េង ឈាងលី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s