គុណតម្លៃសិល្បៈ

តើសិល្បៈមានគុណតម្លៃអ្វីខ្លះមកលើសង្គមមួយ? តើគុណតម្លៃ ឬគុណប្រយោជន៍នៃសិល្បៈ ត្រូវបានគេស្គាល់ ឬដឹងឮគ្រប់គ្រាន់ឬនៅ? តើសិល្បករបានខិតខំបង្កើនទំហំនៃគុណតម្លៃសិល្បៈរបស់ពួកគេទៅទស្សនិកជន ឬសាធារណជនប៉ុណ្ណា ដើម្បីពួកគេបានទទួលគុណតម្លៃពីសិល្បៈ? ក្នុងប្លុកនេះ ខ្ញុំនឹងចែករំលែកការយល់ដឹងខ្លះៗទាក់ទងនឹងគុណតម្លៃសិល្បៈ។

តើអ្វីទៅជាតម្លៃ (value)?

  • គុណតម្លៃគឺជាប្រយោជន៍ ឬសារៈសំខាន់ ដែលយើងបានទទួលពីវត្ថុ មនុស្ស ទីកន្លែង គម្រោង ឬអង្គការ ឬបទពិសោធន៍ណាមួយ។ ឧទាហរណ៍៖ សៀវភៅប្រលោមលោកនេះ មានប្រយោជន៍ដល់ការគិតរបស់ខ្ញុំទាក់ទងនឹងសមភាពយេ៉នឌ័រ។
  • គុណតម្លៃនាំផ្លូវយើង ឬកំណត់សកម្មភាព និងអកប្បកិរិយារបស់យើង។ ឧទាហរណ៍៖ បើយើងឲ្យតម្លៃដល់ច្បាប់ចរាចរណ៍ នោះយើងនឹងគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន។
  • គុណតម្លៃគឺគំនិតគោល ឬបទដ្ឋានដែលកាត់សេចក្តីលើសកម្មភាពរបស់យើង ក៏ដូចជាសកម្មភាពអ្នកដទៃ គម្រោង អង្គការ ស្ថាប័ន ហេតុការណាមួយ ឬវត្ថុអ្វីមួយ។ ឧទាហរណ៍៖ បើយើងជឿលើសមភាពសង្គម ហើយបើមានអង្គការណាមួយផ្តល់ការយកចិត្តទុកដាក់ទៅលើក្រុមណាមួយ ហើយមិនយកចិត្តទុកដាក់ដល់ក្រុមគោលដៅណាមួយ នោះយើង (ដោយផ្អែកលើគុណតម្លៃរបស់យើង ដែលផ្តោតលើសមភាព ឬភាពស្មើសិទ្ធគ្នា) នឹងវិនិច្ឆ័យអង្គការនោះថា អង្គការនេះមិនបានបំពេញការងាររបស់ខ្លួនឲ្យបានស្មើភាពគ្នាទេ!

គុណតម្លៃសិល្បៈចែកចេញជាពីរគឺ៖ គុណតម្លៃខាងក្នុង (Intrinsic value) និង គុណតម្លៃឧបករណ៍ (Instrumental value)។

គុណតម្លៃខាងក្នុង (Intrinsic value) គឺជាគុណតម្លៃទាំងឡាយណា ដែលយើងទទួលបានប្រយោជន៍ ឬសារៈសំខាន់របស់វា ដោយផ្ទាល់ បើទោះជាវាគ្មានប្រយោជន៍ ឬជាឧបករណ៍ដើម្បីឈានទៅសម្រេចការអ្វីផ្សេងទៀតក៏ដោយ។ គុណតម្លៃដែលយើងទទួលបានពីការទៅមើលពិព័រណ៍ ឬការសំដែងសិល្បៈមួយអាចជាអារម្មណ៍រំភើប រីករាយ ជួបជុំជាមួយមិត្តភក្តិ ឬទទួលបានគំនិតមួយ ឬច្រើនពីការសំដែងនោះ។ ទាំងនោះគឺជាគុណតម្លៃខាងក្នុង ដែលទស្សនិកជនទទួលបានពីសិល្បៈ។ អារម្មណ៍រំភើប រីករាយ ជួបជុំជាមួយមិត្តភក្តិ ឬការទទួលបានគំនិតណាមួយនោះ ដែលជាគុណតម្លៃ ឬប្រយោជន៍នេះ មិនមែនជាឧបករណ៍សម្រាប់ទទួលបានផលអ្វីមួយទៀតទេ ព្រោះគុណតម្លៃនេះវាពាក់ព័ន្ធនឹងផ្លូវចិត្ត អារម្មណ៍ ទំនាក់ទំនងសង្គមរបស់ទស្សនិកជន ឬសិល្បករ។

គុណតម្លៃឧបករណ៍ (Instrumental value) គឺជាគុណតម្លៃទាំងឡាយណា​ ដែលគេប្រើដើម្បីសម្រេចបានគោលដៅផ្សេងទៀត។ ឧទាហរណ៍១៖ សិល្បៈមានតម្លៃអប់រំ (educational value) ព្រោះគេប្រើសិល្បៈដើម្បីបញ្រ្ជាបអត្ថន័យអប់រំ។ សិល្បៈមានគុណតម្លៃសេដ្ឋកិច្ច ព្រោះសិល្បៈអាចទាញរកចំណូលជូនសិល្បករ និងប្រទេសជាតិ។ លុយជាគុណតម្លៃឧបករណ៍ ព្រោះមនុស្សអាចប្រើប្រាស់លុយ ដើម្បីទិញផ្ទះ សម្ភារប្រើប្រាស់នានា។ ឧទាហរណ៍២៖ សិល្បករ ឬមេភូមិបានបង្កើតគម្រោងបន្តុកស្នាដៃចម្លាក់ថ្មីៗ (សិល្បៈ) ជាច្រើននៅតាមផ្លូវមួយខ្សែ ដែលនាំឲ្យអ្នកភូមិនោះមានការងារធ្វើ និងមានចំណូលពីទេសចរ ដែលនាំគ្នាទៅលេងនៅទីនេះ ដើម្បីបានទស្សនាចម្លាក់ថ្មីៗនោះ។ នេះជាគុណតម្លៃឧបករណ៍មួយ ដែលគេប្រើប្រាស់សិល្បៈ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងភូមិមួយ។ តើអ្នកដឹងទេថា ប្រទេសកូរ៉េខាងត្បូង ទាញបានផលចំណេញពីសិល្បៈវប្បធម៌គេមួយឆ្នាំប៉ុន្មានលានដុល្លារ? តើនៅកម្ពុជា សិល្បៈទាញបានគុណតម្លៃសេដ្ឋកិច្ចប៉ុន្មាន?

គុណតម្លៃទាំងពីរនេះ ពេលខ្លះ គេមិនអាចបែងចែកវាបានទេ។ វាតែងតែមានភាពពាក់ព័ន្ធគ្នា។ គុណតម្លៃខ្លះ អាចជាគុណតម្លៃខាងក្នុងផង និងជាគុណតម្លៃឧបករណ៍ផង។ ឧទាហរណ៍ មិត្តភាពជាគុណតម្លៃខាងក្នុង ព្រោះមិត្តភាពនាំឲ្យយើងមានភាពកក់ក្តៅ សប្បាយចិត្ត មានអារម្មណ៍ថាយើងមានអ្នកស្រឡាញ់រាប់អាន…។ល។ តែមិត្តភាពអាចនាំឲ្យមនុស្សមានសុខភាពល្អ អាចឈានទៅដល់ការមិនមានជម្ងឺ អាចមានពេលធ្វើការងារ ទទួលបានប្រាក់កម្រៃ…។ល។

ភាគច្រើនគេយល់ថា គុណតម្លៃហិរញ្ញវត្ថុ (គុណតម្លៃឧបករណ៍ (Instrumental value)) នៃសិល្បៈសំខាន់ជាងគុណតម្លៃខាងក្នុង (Instrumental value) ព្រោះវាពាំនាំមកនូវការរីកចម្រើននូវវិស័យសេដ្ឋកិច្ច។ ហេតុផលមួយ ដែលគេយល់បែបនេះ គឺអាចមកពីភាពងាយវាស់វែងបាននៃគុណតម្លៃនេះ។ អ្នកស្រាវជ្រាវអាចគណនារកឃើញនូវគុណតម្លៃសេដ្ឋកិច្ចនៃសិល្បៈជូនប្រទេសមួយបានដោយងាយស្រួល ព្រោះគេអាចគណនាជាលុយបាន។ តែគេពិបាកវាស់វែងគុណតម្លៃខាងក្នុងណាស់ ព្រោះវាស្ថិតនៅក្នុងមនុស្សម្នាក់ៗ បទពិសោធន៍រៀងៗខ្លួន។ តែគេភ្លេចថា សុខភាពល្អរបស់ពលរដ្ឋ ភាពស្រស់ស្រាយប្រកបដោយសុភមង្គល អារម្មណ៍រីករាយដែលទទួលបានពីជួបជុំមិត្តភក្តិ ចិត្តស្ងប់ ចេះគិតគូរពីរឿងសង្គម ដែលពួកគេបានទទួលបានពីសិល្បៈក៏មានគុណតម្លៃខ្លាំង ហើយអាចនាំឲ្យប្រជាជនមានសុខភាពល្អ មានទំនាក់ទំនងល្អ មានសន្តិភាព ដែលអាចនាំឲ្យពួកគេអាចធ្វើការងារបានល្អ មានប្រសិទ្ធភាពខ្ពស់ រកចំណូលបានល្អ ដែលប្រការទាំងនេះមានសក្តានុពលនាំឲ្យមានគុណតម្លៃសេដ្ឋកិច្ចផងដែរ។

ដោយមានការយល់ឃើញបែបបេះ គេសង្កេតឃើញថា នៅក្នុងគោលនយោបាយវប្បធម៌ ភាគច្រើន គេសង្កេតឃើញថា បានផ្តោតការយកចិត្តទុកដាក់ទៅលើគុណតម្លៃឧបករណ៍​នៃសិល្បៈ (Instrumental value in the arts) តែភ្លេចគិតគូរឲ្យបានស៊ីជម្រៅទៅលើគុណតម្លៃខាងក្នុងនៃសិល្បៈ (Intrinsic value in the arts)។ ថ្មីៗនេះ អ្នកសិក្សាស្រាវជ្រាវសិល្បៈ បានទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើគុណតម្លៃខាងក្នុងនៃសិល្បៈឲ្យបានស្មើនឹង គុណតម្លៃឧបករណ៍​នៃសិល្បៈផងដែរ។

នៅពេលដែលគេគិតគូរដល់គុណតម្លៃឧបករណ៍​នៃសិល្បៈ គឺគេផ្តោតលើការទាញយកគុណតម្លៃសេដ្ឋកិច្ចពីសិល្បៈ។ ដូចនេះ រដ្ឋាភិបាល ឬក្រសួងវប្បធម៌គិតគូរលើការបង្កើតរោងល្ខោន វិចិត្រសាល ផ្តល់ថវិកាផលិតភាពយន្ត បង្កើតយន្តការប្រកួតប្រជែងភាពយន្តនៅឆាកអន្តរជាតិ…។ល។ នៅពេលនេះគឺជាការគិតគូរតែការផ្តល់សេវា (supply side) និងមិនបានគិតគូរដល់ការទទួលសេវា (demand side)។ នៅពេលគេគិតគូរដល់គុណតម្លៃខាងក្នុងនៃសិល្បៈ គឺគេផ្តោតការយកចិត្តទុកដាក់ដល់ការបង្កើនសោភណ្ឌសិល្បៈ បង្កើតឱកាស និងបទពិសោធន៍ដល់ទស្សនិកជន ដើម្បីពួកគេរំភើប គិតគូរ យល់ពីខ្លឹមសារស៊ីជម្រៅនៃសិល្បៈ…ទាំងនេះហើយគឺជាគុណតម្លៃខាងក្នុងនៃសិល្បៈ ដែលនាំមនុស្សឱ្យមកជួបជុំគ្នា ឈ្វេងយល់ពីអត្តសញ្ញាណ លើកកម្ពស់យុត្តិធម៌សង្គម យល់ដឹងពីសិទ្ធិស្មើគ្នាក្នុងការបញ្ចេញទេពកោសល្យវប្បធម៌…។ល។ គុណតម្លៃខាងក្នុងនៃសិល្បៈទាំងនេះ មិនត្រូវបានគេគិតគូរព្រោះវាមិនបាននាំមកជាធនធាន…ថវិកា…នោះអី?

ដូចនេះសិល្បករ និងអ្នកបង្កើតគោលនយោបាយវប្បធម៌គួរគិតគូរដល់ការវិនិយោគលើការបង្កើតស្នាដៃសិល្បៈ និងការបង្ហាញស្នាដៃសិល្បៈ (ការបញ្ជាំងភាពយន្ត ការអានកំណាព្យ ការសំដែង គំនូរ…) ឲ្យកាន់តែមានភាពរស់រវើក សម្បូរបែប ច្នៃប្រឌិត ស៊ីជម្រៅ និងបង្កលក្ខណៈដល់ទស្សនិកជន (និងសិល្បករខ្លួនឯងផងដែរ) ទទួលបានគុណតម្លៃខាងក្នុងនៃសិល្បៈ ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា អត្ថបទនេះជាការយល់ឃើញផ្ទាល់ខ្លួន និងមិនបានបញ្ជាក់បង្ហាញពីមុខងារស្ថាប័នណាមួយជាក់លាក់ទេ។ និងមួយទៀត ខ្ញុំស្វាគមន៍ចំពោះពាក្យពេចន៍បកប្រែមួយចំនួន ដែលមានន័យល្អ គ្រប់គ្រាន់ជាងពាក្យ ដែលខ្ញុំបានបកប្រែជាភាសាខ្មែរក្នុងប្លុកនេះ។

ឯកសារពិគ្រោះបន្ថែមៈ

  1. https://www.rand.org/pubs/research_briefs/RB9106.html

2. https://theconversation.com/the-tricky-notion-of-value-in-the-arts-20408

3. https://www.theguardian.com/culture/2014/apr/27/value-of-arts-and-culture-to-society-peter-bazalgette

4.https://www.academia.edu/35290199/How_not_to_commodify_the_arts_exemplary_entrepreneurial_practice_from_India

រូបភាព៖ សិល្បករសហគ្រាសសង្គមហ្វារសំដែងល្ខោនសៀក «មាសស»​ ថតដោយ សូ ភីណា។

1 Comment

Leave a Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s