អតីតអ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ សួស ស៊ីណាត និង អាន រស្មី និងក្រុមការងារកំពុងប្រារព្ធមហោស្រពសិល្បៈ និងបរិស្ថាន ដែលប្រព្រឹតទៅនៅខេត្តបាត់ដំបង រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១០ ដល់ ទី ១៥ ខែសីហានេះ។ មហោស្រពនេះជាលើកទីបី បន្ទាប់ពីរៀបចំមហោស្រពនេះ ដើមឡើយជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌ប្រចាំឆ្នាំ ២០១៧។ ដោយសារការស្រឡាញ់ និងយល់ឃើញថា បរិស្ថានត្រូវការពារ និងយកចិត្តទុកដាក់ ស៊ីណាតបានដឹកនាំ និងគៀងគរថវិការៀបចំមហោស្រពនេះបន្តរហូតរាល់ឆ្នាំ មកទល់ពេលនេះ។
ស៊ីណាត និងរស្មី (រូបថត៖ គាត សុគីម)
សិក្ខាសាលានេះមានកម្មវិធីជាច្រើនដូចជា ដាំដើមឈើ ពិព័រណ៍ ការបង្កើតតន្រ្តីថ្មី សិក្ខាសាលាបរិស្ថាន និងការសំដែងសិល្បៈទស្សនីយភាពផងដែរ។ អ្វីដែលពិសេសនោះគឺមានការចូលរួមពី មីង ជាវ ចង ដែលជាវីរជនសិល្បៈខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមផងដែរ។ មហោស្រពសិល្បៈដើម្បីសន្តិភាពកាលពីឆ្នាំ ២០១៩ បានជ្រើសរើស មីង ចង និងវីរសិល្បករចំនួន២៤រូបផ្សេងទៀត ជាវីរជនសិល្បៈតំណាងខេត្តនីមួយៗ ក្នុងគោលបំណងគោរពដឹងគុណ ដល់ការខិតខំ ជំនះរាល់ការលំបាក ដើម្បីចូលរួមថែរក្សាសិល្បៈវប្បធម៌របស់កម្ពុជា។ មីងចង និងវង់តន្រ្តីគាត់នឹងសំដែងជូនសាធារណជនទស្សនានៅរសៀលថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៣ រសៀលនៅក្នុងបរិវេណសមាគមហ្វារពន្លឺសិល្បៈ ដែលជាទីតាំងធំសម្រាប់មហោស្រពនេះផងដែរ។
មីងចង និងម៉ាសមុខ ថតជាមួយតន្រ្តីករ!
មីងចងកំពុងហាត់សម ជាមួយវង់តន្រ្តីអញ្ជើញមកពីខេត្តកំពង់ធំ និងបាត់ដំបង ក្រោមការដឹកនាំភ្លេងពី វ៉ាន់ថាន់។
ទទួលដើមឈើពីរដ្ឋបាលព្រៃឈើនៅបាត់ដំបង។
ដោយសារមហោស្រពនេះប្រព្រឹតទៅក្នុងអំឡុងវីរុសកូរ៉ូណា អ្នករៀបចំកម្មវិធីមានវិធានការនានា សម្រាប់បង្ការ ដូចជាទឹកអាល់កុលសម្រាប់លាងដៃ ម៉ាសមុខ និងវាស់កម្តៅជាដើម។ សូមអញ្ជើញចូលរួម និងថែរក្សាសុខភាពផង។
Poster designed by: RY Monisovanya
Photo Credit: UNG Kakada
Like this:
Like Loading...
Related
Published by phinawrites
ជីវប្រវត្តិសង្ខេប
សូ ភីណា គឺជាអ្នកនិពន្ធ និងជាកវី។ នាងបានរួមគ្នាបង្កើត «ស្លាបប៉ាកកាខ្មែរ» ជាក្រុមមួយ ចងក្រងក្រុមអ្នកនិពន្ធ និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានឱកាស បញ្ចេញគំនិតច្នៃប្រឌិតក្នុងការតែងនិពន្ធ។ នាងក៏បានរួមគ្នាបង្កើត «គ្រឹះស្ថានបោះពុម្ពកម្ពុមេរា» ដែលជាវេទិកាសម្រាប់អ្នកនិពន្ធ (ភាគច្រើនជាស្រ្តី) បាននិពន្ធ និងបោះពុម្ពស្នាដៃថ្មីៗរបស់ពួកគេ។ ដោយយល់ឃើញថា ឱកាសសម្រាប់អ្នកនិពន្ធ នៅតាមកម្រិត នាងបានបង្កើត «មហោស្រពអក្សរសិល្ប៍ខ្មែរ» នៅឆ្នាំ២០១៧ នៅខេត្តសៀមរាប និងក្រោយមកនៅខេត្តបាត់ដំបង នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ នាង និងក្រុមការងារបានរៀបចំមហោស្រពអក្សរសិល្ប៍នេះ ជាលើកទីបីនៅក្រុងភ្នំពេញប្រកបដោយភាពជោគជ័យ។ ក្រៅពីការងារទាំងនេះ នាងនៅមានគម្រោង
និពន្ធប្រលោមលោកជាច្រើនទៀត រួមទាំងប្រលោកលោក «បុប្ផាណា៖ ផ្កាមិនរុះរោយ» រួមទាំងសៀវភៅកម្រងកំណាព្យជាពីរភាសាផងដែរ។
ជារឿយៗ ភីណា ត្រូវបានអញ្ជើញជាតំណាងឱ្យអ្នកនិពន្ធកម្ពុជាទៅចូលរួមសន្និបាត សន្និសីទ និងមហោស្រពអក្សរសិល្ប៍នៅប្រទេសឃីជីស្ថាន (អាស៊ីកណ្តាល), អូទ្រីស, សឹង្ហបុរី, ត៉ៃវ៉ាន់, និងឥណ្ឌា។ រឿងខ្លីរបស់នាងចំនួនបីរឿង ត្រូវបានសុំសិទ្ធិបកប្រែជាភាសាអង់គ្លេស និងបោះពុម្ពផ្សាយនៅទស្សនាវដ្តី Consequence, Asian American Writers’ Workshop, និង University of Hawai’i Press។ រឿងខ្លីដំបូងគេ «ចម្រៀងនាំសារ» ត្រូវបានដំឡើងជាល្ខោនអាន និងសម្តែងនៅមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបី។
បច្ចុប្បន្ន សូ ភីណា ជាប្រធានកម្មវិធី «ចំណេះដឹង បណ្តាញ និងគោលនយោបាយ» នៃអង្គការសិល្បៈខ្មែរអមតៈ។ នាងគ្រប់គ្រងកម្មវិធីសំខាន់មួយគឺ «អាហារូបករណ៍ទស្សនវប្បធម៌» ដែលជាកម្មវិធីទាក់ទងនឹងភាពជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ និងវប្បធម៌។ នាងបានទទួលការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក សង្គមកិច្ចវិទ្យា ពីសាកលវិទ្យាល័យ Royal Melbourne Institute of Technology នៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
View all posts by phinawrites
Published