កាលពីថ្ងៃទី ៩ ខែតុលា អង្គការសិល្បៈខ្មែរអមតៈបានរៀបចំវេទិកាពិភាក្សាមួយ ដែលមានចំណងជើងថា «ពួកគេ និង/ឬ ពួកយើង»។ វេទិកានេះជាផ្នែកមួយនៃរដូវវប្បធម៌ប្រចាំឆ្នាំ ២០២០ ដែលមានគោលបំណងចែករំលែកចំណេះដឹង ស្តីពីប្រធានបទធំនៃរដូវវប្បធម៌។ កិច្ចពិភាក្សានេះត្រូវបានចូលរួមដោយអ្នកនាង គ្រី ស៊ុយហៀង នាយិកាអង្គការ ស្រ្តីដើម្បីសន្តិភាព, លោក ឡឹប កើ ជាអ្នកស្រាវជ្រាវ និងអភិរក្សវប្បធម៌ចាម, និងខ្ញុំផ្ទាល់តំណាងឲ្យអង្គការសិល្បៈ ខ្មែរអមតៈ សម្របសម្រួលដោយលោក កែវ ឌួង អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យប្រវត្តិសាស្រ្ត។

វេទិកានេះចាប់ផ្តើមដោយវីដេអូសុន្ទរកថាដោយសាស្ត្រចារ្យ អាំង ជូលាន ដែលជានរវិទូម្នាក់ដ៏ល្បីល្បាញ។ លោកបាន មានប្រសាសន៍ថា៖ ពាក្យថា ពួកគេ និង ពួកយើង គឺមានតាំងពីយូរមកហើយ និងត្រូវគេប្រើជាទូទៅ។ ពាក្យទាំងនេះ មិនជាបញ្ហាទេ តែវាក្លាយជាបញ្ហានៅពេលដែលក្រុមមនុស្សណាមួយគិតថា «ពួកគេអន់ជាងពួកយើង» ឬ «កុំរាប់ពួក គេជាមួយពួកយើង»។ លោកបានមានប្រសាសន៍ដែរថា «មិនមានវប្បធម៌មួយដែលគ្មានទំនាក់ទំនងជាមួយវប្បធម៌ ផ្សេងមួយទៀតទេ»។ វាគ្មិនទាំងបីក៏យល់ស្របជាមួយមតិយោបល់របស់លោកសាស្រ្តាចារ្យដែរ។
ស៊ុយហៀងបានបញ្ជាក់ថា ការងាររបស់គាត់គឺកើតឡើងបន្ទាប់ពីការសង្កេតពីបទពិសោធន៍ផ្ទាល់របស់គាត់។ ជាទូទៅ អ្នកនាងគិតថា ពាក្យថា «ពួកយើង» គួរតែក្លាយជា «ពួកយើងទាំងអស់គ្នា»។ នាងបានបញ្ជាក់បន្ថែមថា ពាក្យថា «ពួកគេ និង ពួកយើង» គួរតែដូរទៅជា «ពួកយើង» ក្នុងនាមជាមនុស្សជាតិ ដែលមនុស្សជាតិនេះហើយដែលមានភាពចម្រុះ និងមានសមភាព និងសិទ្ធិសើ្មគ្នា។ វាមានន័យថា ភាពខុសគ្នារបស់ពួកយើងទាក់ទងនឹងជនជាតិ សាសនា ជាតិសាសន៍ ភាសា គឺជាអត្តសញ្ញាណពួកយើងទាំងអស់គ្នា ដែលគួរត្រូវបានគោរព។ ស៊ុយហៀងផ្ទាល់ជាកូនកាត់ខ្មែរចិន ដែលកើតនៅក្រុងភ្នំពេញ និយាយភាសាខ្មែរ ស្រឡាញ់ប្រទេសកម្ពុជា តែនៅតែរងនូវការយល់ច្រលំមួយចំនួន ទាក់ទងនឹងឈ្មោះដូចចិនជាដើម។ ស៊ុយហៀងបានឆ្លើយតបនឹងសំណួររបស់អ្នកចូលរួមម្នាក់ ដែលសួរថា «តើពាក្យ សមភាពយ៉េនឌ័រ គួរតែនៅប្រើប្រាស់ បន្តឬទេក្នុងសង្គមកម្ពុជាបច្ចុប្បន្ន?»។ ស៊ុយហៀងបានឆ្លើយតបថា «គួរ! ព្រោះពាក្យថាយ៉េនឌ័រ មិនមែនសំដៅតែលើ ភេទប្រុស និងស្រីទេ។ វាមានន័យច្រើនជាងនេះ និងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើសម្រាប់ការធ្វើឲ្យមាន សមភាពយ៉េនឌ័រនៅកម្ពុជា។»

លោក ឡឹប កើ បានចែករំលែកពីប្រវត្តិនៃការទទួលឈ្មោះថា «ខ្មែរអ៊ីស្លាម» ដែលជាគោលនយោបាយសញ្ជាតូបនីយ កម្មរបស់សម្តេច នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម។ លោកបានលើកឡើងថា វាជារឿងល្អដល់ខ្មែរអ៊ីស្លាម គ្រប់រូប ដែលមានវាសនាដូចខ្មែរគ្រប់រូបដែរ បូករួមទាំងមានសិទ្ធិស្មើគ្នាជំពោះមុខច្បាប់ទៀតផង។ លោកក៏បាន បន្ថែមផងដែរថា ប្រជាជនកម្ពុជាជាទូទៅតែងតែហៅអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ថា ចាម្ប៍ ប៉ុន្តែតាមពិត មានរបាយជនជាតិច្រើនដែលកាន់សាសនាអ៊ីស្លាម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀត នោះគឺគាត់បានលើក ឡើងពីការដែលខ្មែរអ៊ីស្លាមហៅបងប្អូនខ្មែរដែលចូលសាសនាអ៊ីស្លាមថា «ខ្មែរចូលសាសន៍»។ គាត់អះអាងថា ការ ហៅឈ្មោះពួកគេបែបនេះ គឺដើម្បីដឹងថា តម្រូវការរបស់ខ្មែរចូលសាសន៍នោះ ងាយនឹងផ្តល់ជំនួយ មិនថាជាប្រពៃណី ឬជាសាសនាឡើយ។

សម្រាប់វិស័យសិល្បៈ ខ្ញុំបានចែករំលែកថា ការរាប់បញ្ចូលសិល្បៈជនជាតិដើមភាគចិត្ត ឬពួកគេហ្នឹងគឺមានតិចតួច។ ខ្ញុំគិតថារបាំ ដែលយើងមាន នៅលើឆាកសំដែងសព្វថ្ងៃដូចជារបាំបេះក្រវាញ ដែលបានច្នៃចេញពីរបៀបរបបរស់នៅ របស់ជនជាតិព័រ ដែលរស់នៅតាមជួរភ្នំក្រវាញ របាំក្ងោកប៉ៃលិនច្នៃចេញពីជនជាតិកូឡា ឬរបាំព្លយសួយ ពីជន ជាតិសួយ នៅខេត្តកំពង់ស្ពឺ ឬរបាំកាប់ក្របីផឹកស្រា គឺសុទ្ធសឹងតែជារបាំជនជាតិដើមភាគតិច ដែលបង្កើតឡើងវិញ ដោយសិល្បករជនជាតិខ្មែរ ដែលមិនបានផ្តល់ឱកាសដល់ប្រជាជនជនជាតិដើមភាគចិត្តទាំងនោះ មកបង្ហាញស្នាដៃ ដើម្បីឲ្យប្រជាជនទូទៅ បានទទួលស្គាល់ និងដឹងថា នេះជាអត្តសញ្ញាណ និងជារបៀបរស់នៅពិតរបស់បងប្អូនជនជាតិ ដើមភាគតិច។
សម្រាប់អង្គការសិល្បៈខ្មែរអមតៈ ពាក្យថា ពួកគេ គឺសំដៅលើប្រជាជនកម្ពុជា និងអ្នកដែលមានទិដ្ឋាការ K-Visa និងអ្នកដែលមានសំឡេង ឱកាស ធនធានតិចជាង និងមានឧបសគ្គក្នុង ការលូតលាស់ ច្រើនជាងពួកយើង។ ដូចនេះ ពួកគេអាចជា ស្រ្តី អ្នកស្រឡាញ់ភេទដូចគ្នា ។ល។ ជាស្ថាប័នមួយ យើងព្យាយាមផ្តល់ឱកាសដល់អ្នកដែល មានឱកាស និងធនធានតិចជាងយើង។ ខ្ញុំចង់បញ្ជាក់ថា ពួកគេ ឬពួកយើងនៅពេលនេះ គឺយើងរាប់បញ្ចូលទាំង យេនឌ័រ អ្នកនៅទីក្រុង និងនៅបណ្តាខេត្ត ជនជាតិភាគតិច និងជនជាតិដើមភាគតិច អ្នកស្រឡាញ់ភេទដូចគ្នា អនិកជន ខ្មែរ រដ្ឋាភិបាល ជាដើម។
ឧទាហរណ៍៖ កម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌ ជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ។ ក្នុងមួយឆ្នាំៗ យើងជ្រើសរើស fellows ចំនួន ៥ ទៅ ៦ នាក់ ដែលយើងបានកំណត់ ឲ្យមានសមភាព យេនឌ័រ មានបេក្ខជនពីខេត្ត បេក្ខជនដែលមានពិការភាព មន្រ្តីក្រសួងវប្បធម៌ សិល្បករឯករាជ្យ និងសិល្បករក្នុងទម្រង់ដាច់ ដោយឡែក ដូចជាវិស័យអក្សរសិល្ប៍ជាដើម។ កន្លងមក យើងបាន ព្យាយាមស្វែងរកបេក្ខជន ដែលជាជនជាតិដើមភាគតិច តែកន្លងមក យើងនៅ មិនទាន់ទទួល បាននៅឡើយ។
ឧទាហរណ៍មួយទៀត គឺការបញ្ជូនបុគ្គលិកទៅធ្វើបទបង្ហាញពីមូលនិធិ អាហារូបករណ៍ ទៅដល់ជនបទ ឆ្ងាយៗ ជាពិសេសគឺ ខេត្តរតនគិរី និងមណ្ឌលគិរិ ដែលមានរបាយជនជាតិដើមភាគចិត្តច្រើនរស់នៅ ដើម្បីគាត់ទទួលបាន ព័ត៌មាន និងឱកាសដាក់ពាក្យ។ និងមួយទៀត យើងបានកែសម្រួលទម្រង់សរសេរ ពីវែង មកខ្លី ពីសរសេរភាសាខ្មែរ មកជាសារជាសំឡេង ឬវីដេអូក៏បាន ដើម្បីដាក់ពាក្យសុំអាហារូបករណ៍។ ពីព្រោះយើងគិតថា សម្រាប់ «ពួកគេ» ភាសា ខ្មែរ មិនមែនជាភាសា ដែលសុទ្ធតែគ្រប់គ្នាបានរៀននោះទេ ហើយ បើប្រៀបធៀបនឹងអ្នកនៅទីក្រុង ដែលមានការ អប់រំច្រើនជាង គឺប្រាកដជាមានឧបសគ្គ ក្នុងការប្រកួតប្រជែងមិនខាន។ ដូចនេះ យើងបានរៀបចំ កម្មវិធីទាំងអស់ ដើម្បីបានរាប់បញ្ចូលនូវ «ពួកគេ» មកចូលរួមជាមួយ «ពួកយើង»។ និងពេលថ្មីនេះ យើងបានកែប្រែទម្រង់ បែបបទ ដាក់ពាក្យ ដោយបន្ថែមប្រអប់ «មិនបញ្ជាក់ពីភេទ» ដើម្បីផ្តល់ឱកាសដល់ «ពួកគេ» ដែលកំពុងឈ្វេងយល់ពី អត្តសញ្ញាណភេទរបស់ពួកគេនៅឡើយ មានអារម្មណ៍ថាយើងបានរាប់បញ្ចូលពួកគេដែរ។
សម្រាប់អាហារូបករណ៍សិល្បៈអមតៈអាន ចនផន យើងមិនត្រឹមផ្តល់ជំនួយហិរញ្ញវត្ថុទេ តែថែមទាំងដាក់បញ្ចូលនូវគ្គ សិក្សាមួយចំនួនអំពីយេនឌ័រ ការរាប់បញ្ចូល សមភាពជាដើម។ ចាប់តាំងពីមាន «អាហារូបករណ៍សិល្បៈអមតៈអាន ចនផន» មក យើងបានទទួលជនជាតិដើមភាគតិចទាំងអស់ចំនួន ៦ នាក់ (ស្រី៣ ប្រុស៣) ដែលក្នុងនោះមាន ជនជាតិចារ៉ាយ កួយ និងគ្រឹង) និងកម្ពុជាក្រោមចំនួន ៣ នាក់ (ស្រី ២ ប្រុស១)។
កាលពីឆ្នាំ ២០១៩ យើងបានស្រាវជ្រាវស្វែងរកវីរជនសិល្បៈ ១ នាក់ គ្រប់ ២៥ ខេត្តក្រុង។ ក្នុងនោះ យើង មានស្រ្តីចំនួន 6 នាក់ និងមានជនជាតិភាគចិត្តចំនួន ៤ នាក់។ ទោះជាចំនួននេះតិច មិនស្មើ ក៏ដោយ ក៏វាបានបញ្ជាក់ពីកិច្ចខំប្រឹងប្រែង ប្តេជ្ញា ក្នុងការរាប់បញ្ចូល «ពួកគេ» ជាមួយ «ពួកយើង»។
ឧទាហរណ៍មួយដែលជាក់ស្តែង និងកំពុងកើតឡើង គឺការរាប់បញ្ចូលជនជាតិដើមភាគចិត្ត អ្នកស្រឡាញ់ ភេទដូចគ្នា សមភាពយេនឌ័រនៃអ្នកគ្រប់គ្រងកម្មវិធីក្នុងស្ថាប័ន សុទ្ធតែរំលេចនូវកិច្ចខំប្រឹងប្រែងនៃ ការរាប់បញ្ចូល ពួកគេជា មួយពួកយើង។ ខ្ញុំចង់បញ្ជាក់កន្លែងនេះដែរថា ពាក្យថា ពួកយើង និង រាប់បញ្ចូល ជាពាក្យមួយ ដែលឆ្លុះបញ្ចាំងនូវ អំណាច ឬធនធាន ដែលយើង/ឬអង្គការសិល្បៈ ខ្មែរ អមតៈមានរួចទៅហើយ តែយើងដឹងថា យើងនឹងខំរៀនសូត្រ ពីកង្វះខាតទាំងឡាយ និងបន្ត កែលំអកម្មវិធី ដើម្បីឲ្យមាន «រាប់បញ្ចូល» រឹតតែមានសមភាព និងសមធម៌។ និងមួយ ទៀត បើទោះជាយើងហៅខ្លួនឯងថា ជាអ្នកមានធនធាន ឬមានអំណាច (អំណាចនៅពេលនេះ គឺសំដៅលើធនធាន) យើងនៅតែរក្សាជំហជាអ្នកដឹកនាំ ដែលបម្រើឲ្យផលប្រយោជន៍រួមនៃសង្គមជាតិ។

ខ្ញុំគិតថា វាជារឿងដែលល្អវិសេសណាស់ ដែលកម្ពុជាមាន គោលនយោបាយជាតិស្តីពីវប្បធម៌ ចេញប្រកាសឲ្យប្រើ ប្រាស់នៅខែកក្កដា ឆ្នាំ ២០១៤។ គោលនយោបាយវប្បធម៌ ជាបែបបទមូលដ្ឋាន និងជាទស្សន វិស័យមួយសម្រាប់ អភិវឌ្ឍវិស័យរប្បធម៌។ ក្នុងនោះ មានគោលបំណង យុទ្ធសាស្រ្ត និងផែនការសកម្មភាព មួយចំនួនដើម្បីអភិវឌ្ឍ វប្បធម៌ ដែលបានបញ្ជាក់ពីគោលនយោបាយមួយចំនួនទាក់ទងនឹងជនជាតិដើមភាគចិត្ត ស្រ្តី ជនមាន ពិការភាព អង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែ បើពិនិត្យឲ្យលំអិតជាងនេះ នៅមានកង្វះចន្លោះ ដែលគួរតែ យកចិត្ត ទុកដាក់បន្ថែម។ ឧទាហរណ៍ដូចជានិយមន័យនៃពាក្យមួយចំនួនដូចជា វប្បធម៌អវិជ្ជមាន ដែលងាយ ប៉ះពាល់ដល់ប្រពៃណីជាតិ ដែល ប្រការនេះអាចបង្កឲ្យមានការបារម្ភពីសំណាក់សិល្បករ និងបង្អាក់ដល់គំនិតច្នៃប្រឌិត និងការបង្កើតគំនិតថ្មីៗ ដែលឆ្លុះបញ្ជាំងពីសម័យដែលគេរស់នៅ។ មួយទៀត គឺការសង្កត់លើពាក្យថា «ខ្មែរ»។ តើពាក្យនេះ បានរាប់បញ្ចូល នូវរបាយជនជាតិនានា និងជនជាតិដើមឬនៅ? បើនៅទេ តើគួរប្រើប្រាស់ពាក្យដូចម្តេច ដើម្បីឲ្យមានការរាប់ បញ្ចូលនូវវប្បធម៌ និងសិល្បៈចម្រុះនៅកម្ពុជា?
