ពួកគេ និង/ឬពួកយើង?

កាលពីថ្ងៃទី ៩ ខែតុលា អង្គការសិល្បៈខ្មែរអមតៈបានរៀបចំវេទិកាពិភាក្សាមួយ ដែលមានចំណងជើងថា «ពួកគេ និង/ឬ ពួកយើង»។ វេទិកានេះជាផ្នែកមួយនៃរដូវវប្បធម៌ប្រចាំឆ្នាំ ២០២០ ដែលមានគោលបំណងចែករំលែកចំណេះដឹង ស្តីពីប្រធានបទធំនៃរដូវវប្បធម៌។ កិច្ចពិភាក្សានេះត្រូវបានចូលរួមដោយអ្នកនាង គ្រី ស៊ុយហៀង នាយិកាអង្គការ ស្រ្តីដើម្បីសន្តិភាព, លោក ឡឹប កើ ជាអ្នកស្រាវជ្រាវ និងអភិរក្សវប្បធម៌ចាម, និងខ្ញុំផ្ទាល់តំណាងឲ្យអង្គការសិល្បៈ ខ្មែរអមតៈ សម្របសម្រួលដោយលោក កែវ ឌួង អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យប្រវត្តិសាស្រ្ត។

ផ្ទាំងរូបភាពព័ត៌មាន៖ គាត សុគីម

វេទិកានេះចាប់ផ្តើមដោយវីដេអូសុន្ទរកថាដោយសាស្ត្រចារ្យ​ អាំង ជូលាន ដែលជានរវិទូម្នាក់ដ៏ល្បីល្បាញ។ លោកបាន មានប្រសាសន៍ថា៖ ពាក្យថា ពួកគេ និង ពួកយើង គឺមានតាំងពីយូរមកហើយ​ និងត្រូវគេប្រើជាទូទៅ។ ពាក្យទាំងនេះ មិនជាបញ្ហាទេ តែវាក្លាយជាបញ្ហានៅពេលដែលក្រុមមនុស្សណាមួយគិតថា «ពួកគេអន់ជាងពួកយើង» ឬ «កុំរាប់ពួក គេជាមួយពួកយើង»។ លោកបានមានប្រសាសន៍ដែរថា «មិនមានវប្បធម៌មួយដែលគ្មានទំនាក់ទំនងជាមួយវប្បធម៌ ផ្សេងមួយទៀតទេ»។ វាគ្មិនទាំងបីក៏យល់ស្របជាមួយមតិយោបល់របស់លោកសាស្រ្តាចារ្យដែរ។

ស៊ុយហៀងបានបញ្ជាក់ថា ការងាររបស់គាត់គឺកើតឡើងបន្ទាប់ពីការសង្កេតពីបទពិសោធន៍ផ្ទាល់របស់គាត់។ ជាទូទៅ អ្នកនាងគិតថា ពាក្យថា «ពួកយើង» គួរតែក្លាយជា «ពួកយើងទាំងអស់គ្នា»។ នាងបានបញ្ជាក់បន្ថែមថា ពាក្យថា «ពួកគេ និង ពួកយើង» គួរតែដូរទៅជា «ពួកយើង»​ ក្នុងនាមជាមនុស្សជាតិ ដែលមនុស្សជាតិនេះហើយដែលមានភាពចម្រុះ និងមានសមភាព និងសិទ្ធិសើ្មគ្នា។ វាមានន័យថា ភាពខុសគ្នារបស់ពួកយើងទាក់ទងនឹងជនជាតិ សាសនា ជាតិសាសន៍ ភាសា គឺជាអត្តសញ្ញាណពួកយើងទាំងអស់គ្នា ដែលគួរត្រូវបានគោរព។ ស៊ុយហៀងផ្ទាល់ជាកូនកាត់ខ្មែរចិន ដែលកើតនៅក្រុងភ្នំពេញ និយាយភាសាខ្មែរ ស្រឡាញ់ប្រទេសកម្ពុជា តែនៅតែរងនូវការយល់ច្រលំមួយចំនួន ទាក់ទងនឹងឈ្មោះដូចចិនជាដើម។ ស៊ុយហៀងបានឆ្លើយតបនឹងសំណួររបស់អ្នកចូលរួមម្នាក់ ដែលសួរថា​ «តើពាក្យ សមភាពយ៉េនឌ័រ គួរតែនៅប្រើប្រាស់ បន្តឬទេក្នុងសង្គមកម្ពុជាបច្ចុប្បន្ន?»។ ស៊ុយហៀងបានឆ្លើយតបថា «គួរ! ព្រោះពាក្យថាយ៉េនឌ័រ មិនមែនសំដៅតែលើ ភេទប្រុស និងស្រីទេ។ វាមានន័យច្រើនជាងនេះ និងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើសម្រាប់ការធ្វើឲ្យមាន សមភាពយ៉េនឌ័រនៅកម្ពុជា។»

រូបថត៖ យ៉េង ឈាងលី

លោក ឡឹប កើ បានចែករំលែកពីប្រវត្តិនៃការទទួលឈ្មោះថា «ខ្មែរអ៊ីស្លាម» ដែលជាគោលនយោបាយសញ្ជាតូបនីយ កម្មរបស់សម្តេច នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម។ លោកបានលើកឡើងថា វាជារឿងល្អដល់ខ្មែរអ៊ីស្លាម គ្រប់រូប ដែលមានវាសនាដូចខ្មែរគ្រប់រូបដែរ បូករួមទាំងមានសិទ្ធិស្មើគ្នាជំពោះមុខច្បាប់ទៀតផង។ លោកក៏បាន បន្ថែមផងដែរថា ប្រជាជនកម្ពុជាជាទូទៅតែងតែហៅអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ថា ចាម្ប៍ ប៉ុន្តែតាមពិត មានរបាយជនជាតិច្រើនដែលកាន់សាសនាអ៊ីស្លាម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀត នោះគឺគាត់បានលើក ឡើងពីការដែលខ្មែរអ៊ីស្លាមហៅបងប្អូនខ្មែរដែលចូលសាសនាអ៊ីស្លាមថា «ខ្មែរចូលសាសន៍»។ គាត់អះអាងថា ការ ហៅឈ្មោះពួកគេបែបនេះ គឺដើម្បីដឹងថា តម្រូវការរបស់ខ្មែរចូលសាសន៍នោះ ងាយនឹងផ្តល់ជំនួយ មិនថាជាប្រពៃណី ឬជាសាសនាឡើយ។

រូបថត៖ យ៉េង ឈាងលី

សម្រាប់វិស័យសិល្បៈ ខ្ញុំបានចែករំលែកថា ការរាប់បញ្ចូលសិល្បៈជនជាតិដើមភាគចិត្ត ឬពួកគេហ្នឹងគឺមានតិចតួច។ ខ្ញុំគិតថារបាំ ដែលយើងមាន នៅលើឆាកសំដែងសព្វថ្ងៃដូចជារបាំបេះក្រវាញ ដែលបានច្នៃចេញពីរបៀបរបបរស់នៅ របស់ជនជាតិព័រ ដែលរស់នៅតាមជួរភ្នំក្រវាញ របាំក្ងោកប៉ៃលិនច្នៃចេញពីជនជាតិកូឡា ឬរបាំព្លយសួយ ពីជន ជាតិសួយ នៅខេត្តកំពង់ស្ពឺ ឬរបាំកាប់ក្របីផឹកស្រា គឺសុទ្ធសឹងតែជារបាំជនជាតិដើមភាគតិច ដែលបង្កើតឡើងវិញ ដោយសិល្បករជនជាតិខ្មែរ ដែលមិនបានផ្តល់ឱកាសដល់ប្រជាជនជនជាតិដើមភាគចិត្តទាំងនោះ មកបង្ហាញស្នាដៃ ដើម្បីឲ្យប្រជាជនទូទៅ បានទទួលស្គាល់ និងដឹងថា នេះជាអត្តសញ្ញាណ និងជារបៀបរស់នៅពិតរបស់បងប្អូនជនជាតិ ដើមភាគតិច។

សម្រាប់អង្គការសិល្បៈខ្មែរអមតៈ ពាក្យថា ពួកគេ គឺសំដៅលើប្រជាជនកម្ពុជា និងអ្នកដែលមានទិដ្ឋាការ K-Visa និងអ្នកដែលមានសំឡេង ឱកាស ធនធានតិចជាង និងមានឧបសគ្គក្នុង ការលូតលាស់ ច្រើនជាងពួកយើង។ ដូចនេះ ពួកគេអាចជា ស្រ្តី អ្នកស្រឡាញ់ភេទដូចគ្នា​ ។ល។ ជាស្ថាប័នមួយ យើងព្យាយាមផ្តល់ឱកាសដល់អ្នកដែល មានឱកាស និងធនធានតិចជាងយើង។ ខ្ញុំចង់បញ្ជាក់ថា ពួកគេ ឬពួកយើងនៅពេលនេះ គឺយើងរាប់បញ្ចូលទាំង យេនឌ័រ អ្នកនៅទីក្រុង និងនៅបណ្តាខេត្ត ជនជាតិភាគតិច និងជនជាតិដើមភាគតិច អ្នកស្រឡាញ់ភេទដូចគ្នា អនិកជន ខ្មែរ រដ្ឋាភិបាល ជាដើម។ 

ឧទាហរណ៍៖ កម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌ ជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ។ ក្នុងមួយឆ្នាំៗ យើងជ្រើសរើស fellows ចំនួន ៥ ទៅ ៦ នាក់ ដែលយើងបានកំណត់ ឲ្យមានសមភាព យេនឌ័រ មានបេក្ខជនពីខេត្ត បេក្ខជនដែលមានពិការភាព មន្រ្តីក្រសួងវប្បធម៌ សិល្បករឯករាជ្យ និងសិល្បករក្នុងទម្រង់ដាច់ ដោយឡែក ដូចជាវិស័យអក្សរសិល្ប៍ជាដើម។ កន្លងមក យើងបាន ព្យាយាមស្វែងរកបេក្ខជន ដែលជាជនជាតិដើមភាគតិច តែកន្លងមក យើងនៅ មិនទាន់ទទួល បាននៅឡើយ។

ឧទាហរណ៍មួយទៀត គឺការបញ្ជូនបុគ្គលិកទៅធ្វើបទបង្ហាញពីមូលនិធិ អាហារូបករណ៍ ទៅដល់ជនបទ ឆ្ងាយៗ ជាពិសេសគឺ ខេត្តរតនគិរី និងមណ្ឌលគិរិ ដែលមានរបាយជនជាតិដើមភាគចិត្តច្រើនរស់នៅ ដើម្បីគាត់ទទួលបាន ព័ត៌មាន និងឱកាសដាក់ពាក្យ។ និងមួយទៀត យើងបានកែសម្រួលទម្រង់សរសេរ ពីវែង មកខ្លី ពីសរសេរភាសាខ្មែរ មកជាសារជាសំឡេង ឬវីដេអូក៏បាន ដើម្បីដាក់ពាក្យសុំអាហារូបករណ៍។ ពីព្រោះយើងគិតថា សម្រាប់ «ពួកគេ» ភាសា ខ្មែរ មិនមែនជាភាសា ដែលសុទ្ធតែគ្រប់គ្នាបានរៀននោះទេ ហើយ បើប្រៀបធៀបនឹងអ្នកនៅទីក្រុង ដែលមានការ អប់រំច្រើនជាង គឺប្រាកដជាមានឧបសគ្គ ក្នុងការប្រកួតប្រជែងមិនខាន។ ដូចនេះ យើងបានរៀបចំ កម្មវិធីទាំងអស់ ដើម្បីបានរាប់បញ្ចូលនូវ «ពួកគេ» មកចូលរួមជាមួយ «ពួកយើង»។ និងពេលថ្មីនេះ យើងបានកែប្រែទម្រង់ បែបបទ ដាក់ពាក្យ ដោយបន្ថែមប្រអប់ «មិនបញ្ជាក់ពីភេទ» ដើម្បីផ្តល់ឱកាសដល់ «ពួកគេ» ដែលកំពុងឈ្វេងយល់ពី អត្តសញ្ញាណភេទរបស់ពួកគេនៅឡើយ មានអារម្មណ៍ថាយើងបានរាប់បញ្ចូលពួកគេដែរ។

សម្រាប់អាហារូបករណ៍សិល្បៈអមតៈអាន ចនផន យើងមិនត្រឹមផ្តល់ជំនួយហិរញ្ញវត្ថុទេ តែថែមទាំងដាក់បញ្ចូលនូវគ្គ សិក្សាមួយចំនួនអំពីយេនឌ័រ ការរាប់បញ្ចូល សមភាពជាដើម។ ចាប់តាំងពីមាន «អាហារូបករណ៍សិល្បៈអមតៈអាន ចនផន» មក យើងបានទទួលជនជាតិដើមភាគតិចទាំងអស់ចំនួន ៦ នាក់ (ស្រី៣ ប្រុស៣) ដែលក្នុងនោះមាន ជនជាតិចារ៉ាយ កួយ និងគ្រឹង) និងកម្ពុជាក្រោមចំនួន ៣ នាក់ (ស្រី ២ ប្រុស១)។

កាលពីឆ្នាំ ២០១៩ យើងបានស្រាវជ្រាវស្វែងរកវីរជនសិល្បៈ ១ នាក់ គ្រប់ ២៥ ខេត្តក្រុង។ ក្នុងនោះ យើង មានស្រ្តីចំនួន 6 នាក់ និងមានជនជាតិភាគចិត្តចំនួន ៤ នាក់។ ទោះជាចំនួននេះតិច មិនស្មើ ក៏ដោយ ក៏វាបានបញ្ជាក់ពីកិច្ចខំប្រឹងប្រែង ប្តេជ្ញា ក្នុងការរាប់បញ្ចូល «ពួកគេ» ជាមួយ «ពួកយើង»។

ឧទាហរណ៍មួយដែលជាក់ស្តែង និងកំពុងកើតឡើង គឺការរាប់បញ្ចូលជនជាតិដើមភាគចិត្ត អ្នកស្រឡាញ់ ភេទដូចគ្នា សមភាពយេនឌ័រនៃអ្នកគ្រប់គ្រងកម្មវិធីក្នុងស្ថាប័ន សុទ្ធតែរំលេចនូវកិច្ចខំប្រឹងប្រែងនៃ ការរាប់បញ្ចូល ពួកគេជា មួយពួកយើង។ ខ្ញុំចង់បញ្ជាក់កន្លែងនេះដែរថា ពាក្យថា ពួកយើង និង រាប់បញ្ចូល ជាពាក្យមួយ ដែលឆ្លុះបញ្ចាំងនូវ អំណាច ឬធនធាន ដែលយើង/ឬអង្គការសិល្បៈ ខ្មែរ អមតៈមានរួចទៅហើយ តែយើងដឹងថា យើងនឹងខំរៀនសូត្រ ពីកង្វះខាតទាំងឡាយ និងបន្ត កែលំអកម្មវិធី ដើម្បីឲ្យមាន «រាប់បញ្ចូល» រឹតតែមានសមភាព និងសមធម៌។ និងមួយ ទៀត បើទោះជាយើងហៅខ្លួនឯងថា ជាអ្នកមានធនធាន ឬមានអំណាច (អំណាចនៅពេលនេះ គឺសំដៅលើធនធាន) យើងនៅតែរក្សាជំហជាអ្នកដឹកនាំ ដែលបម្រើឲ្យផលប្រយោជន៍រួមនៃសង្គមជាតិ។

បងប្អូនជនជាតិកួយមកពីខេត្តស្ទឹងត្រែង (រូបថត៖ ភីណា)

ខ្ញុំគិតថា វាជារឿងដែលល្អវិសេសណាស់ ដែលកម្ពុជាមាន គោលនយោបាយជាតិស្តីពីវប្បធម៌ ចេញប្រកាសឲ្យប្រើ ប្រាស់នៅខែកក្កដា ឆ្នាំ ២០១៤។ គោលនយោបាយវប្បធម៌ ជាបែបបទមូលដ្ឋាន និងជាទស្សន វិស័យមួយ​សម្រាប់ អភិវឌ្ឍវិស័យរប្បធម៌។ ក្នុងនោះ មានគោលបំណង យុទ្ធសាស្រ្ត  និងផែនការសកម្មភាព មួយចំនួនដើម្បីអភិវឌ្ឍ វប្បធម៌ ដែលបានបញ្ជាក់ពីគោលនយោបាយមួយចំនួនទាក់ទងនឹងជនជាតិដើមភាគចិត្ត ស្រ្តី ជនមាន ពិការភាព អង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែ បើពិនិត្យឲ្យលំអិតជាងនេះ នៅមានកង្វះចន្លោះ ដែលគួរតែ យកចិត្ត ទុកដាក់បន្ថែម។ ឧទាហរណ៍ដូចជានិយមន័យនៃពាក្យមួយចំនួនដូចជា វប្បធម៌អវិជ្ជមាន ដែលងាយ ប៉ះពាល់ដល់ប្រពៃណីជាតិ ដែល ប្រការនេះអាចបង្កឲ្យមានការបារម្ភពីសំណាក់សិល្បករ និងបង្អាក់ដល់គំនិតច្នៃប្រឌិត និងការបង្កើតគំនិតថ្មីៗ ដែលឆ្លុះបញ្ជាំងពីសម័យដែលគេរស់នៅ។ មួយទៀត គឺការសង្កត់លើពាក្យថា «ខ្មែរ»។ តើពាក្យនេះ បានរាប់បញ្ចូល នូវរបាយជនជាតិនានា និងជនជាតិដើមឬនៅ? បើនៅទេ តើគួរប្រើប្រាស់ពាក្យដូចម្តេច ដើម្បីឲ្យមានការរាប់ បញ្ចូលនូវវប្បធម៌ និងសិល្បៈចម្រុះនៅកម្ពុជា?

រូបថត៖ គាត​ សុគីម

មហោស្រពសិល្បៈ និងបរិស្ថាន លើកទីបី

អតីតអ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ សួស ស៊ីណាត និង អាន រស្មី និងក្រុមការងារកំពុងប្រារព្ធមហោស្រពសិល្បៈ និងបរិស្ថាន ដែលប្រព្រឹតទៅនៅខេត្តបាត់ដំបង រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១០ ដល់ ទី ១៥ ខែសីហានេះ។ មហោស្រពនេះជាលើកទីបី បន្ទាប់ពីរៀបចំមហោស្រពនេះ ដើមឡើយជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌ប្រចាំឆ្នាំ ២០១៧។ ដោយសារការស្រឡាញ់ និងយល់ឃើញថា បរិស្ថានត្រូវការពារ និងយកចិត្តទុកដាក់ ស៊ីណាតបានដឹកនាំ​ និងគៀងគរថវិការៀបចំមហោស្រពនេះបន្តរហូតរាល់ឆ្នាំ មកទល់ពេលនេះ។

ស៊ីណាត និងរស្មី (រូបថត៖ គាត សុគីម)

សិក្ខាសាលានេះមានកម្មវិធីជាច្រើនដូចជា ដាំដើមឈើ ពិព័រណ៍ ការបង្កើតតន្រ្តីថ្មី សិក្ខាសាលាបរិស្ថាន និងការសំដែងសិល្បៈទស្សនីយភាពផងដែរ។ អ្វីដែលពិសេសនោះគឺមានការចូលរួមពី មីង ជាវ ចង ដែលជាវីរជនសិល្បៈខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមផងដែរ។ មហោស្រពសិល្បៈដើម្បីសន្តិភាពកាលពីឆ្នាំ ២០១៩ បានជ្រើសរើស មីង ចង និងវីរសិល្បករចំនួន២៤រូបផ្សេងទៀត​ ជាវីរជនសិល្បៈតំណាងខេត្តនីមួយៗ ក្នុងគោលបំណងគោរពដឹងគុណ ដល់ការខិតខំ ជំនះរាល់ការលំបាក ដើម្បីចូលរួមថែរក្សាសិល្បៈវប្បធម៌របស់កម្ពុជា។ មីងចង និងវង់តន្រ្តីគាត់នឹងសំដែងជូនសាធារណជនទស្សនានៅរសៀលថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៣ រសៀលនៅក្នុងបរិវេណសមាគមហ្វារពន្លឺសិល្បៈ ដែលជាទីតាំងធំសម្រាប់មហោស្រពនេះផងដែរ។

មីងចង និងម៉ាសមុខ ថតជាមួយតន្រ្តីករ!
មីងចងកំពុងហាត់សម ជាមួយវង់តន្រ្តីអញ្ជើញមកពីខេត្តកំពង់ធំ និងបាត់ដំបង ក្រោមការដឹកនាំភ្លេងពី វ៉ាន់ថាន់។
ទទួលដើមឈើពីរដ្ឋបាលព្រៃឈើនៅបាត់ដំបង។

ដោយសារមហោស្រពនេះប្រព្រឹតទៅក្នុងអំឡុងវីរុសកូរ៉ូណា អ្នករៀបចំកម្មវិធីមានវិធានការនានា សម្រាប់បង្ការ ដូចជាទឹកអាល់កុលសម្រាប់លាងដៃ ម៉ាសមុខ និងវាស់កម្តៅជាដើម។ សូមអញ្ជើញចូលរួម និងថែរក្សាសុខភាពផង។

Poster designed by: RY Monisovanya

Photo Credit: UNG Kakada

គុណតម្លៃសិល្បៈ

តើសិល្បៈមានគុណតម្លៃអ្វីខ្លះមកលើសង្គមមួយ? តើគុណតម្លៃ ឬគុណប្រយោជន៍នៃសិល្បៈ ត្រូវបានគេស្គាល់ ឬដឹងឮគ្រប់គ្រាន់ឬនៅ? តើសិល្បករបានខិតខំបង្កើនទំហំនៃគុណតម្លៃសិល្បៈរបស់ពួកគេទៅទស្សនិកជន ឬសាធារណជនប៉ុណ្ណា ដើម្បីពួកគេបានទទួលគុណតម្លៃពីសិល្បៈ? ក្នុងប្លុកនេះ ខ្ញុំនឹងចែករំលែកការយល់ដឹងខ្លះៗទាក់ទងនឹងគុណតម្លៃសិល្បៈ។

តើអ្វីទៅជាតម្លៃ (value)?

  • គុណតម្លៃគឺជាប្រយោជន៍ ឬសារៈសំខាន់ ដែលយើងបានទទួលពីវត្ថុ មនុស្ស ទីកន្លែង គម្រោង ឬអង្គការ ឬបទពិសោធន៍ណាមួយ។ ឧទាហរណ៍៖ សៀវភៅប្រលោមលោកនេះ មានប្រយោជន៍ដល់ការគិតរបស់ខ្ញុំទាក់ទងនឹងសមភាពយេ៉នឌ័រ។
  • គុណតម្លៃនាំផ្លូវយើង ឬកំណត់សកម្មភាព និងអកប្បកិរិយារបស់យើង។ ឧទាហរណ៍៖ បើយើងឲ្យតម្លៃដល់ច្បាប់ចរាចរណ៍ នោះយើងនឹងគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន។
  • គុណតម្លៃគឺគំនិតគោល ឬបទដ្ឋានដែលកាត់សេចក្តីលើសកម្មភាពរបស់យើង ក៏ដូចជាសកម្មភាពអ្នកដទៃ គម្រោង អង្គការ ស្ថាប័ន ហេតុការណាមួយ ឬវត្ថុអ្វីមួយ។ ឧទាហរណ៍៖ បើយើងជឿលើសមភាពសង្គម ហើយបើមានអង្គការណាមួយផ្តល់ការយកចិត្តទុកដាក់ទៅលើក្រុមណាមួយ ហើយមិនយកចិត្តទុកដាក់ដល់ក្រុមគោលដៅណាមួយ នោះយើង (ដោយផ្អែកលើគុណតម្លៃរបស់យើង ដែលផ្តោតលើសមភាព ឬភាពស្មើសិទ្ធគ្នា) នឹងវិនិច្ឆ័យអង្គការនោះថា អង្គការនេះមិនបានបំពេញការងាររបស់ខ្លួនឲ្យបានស្មើភាពគ្នាទេ!

គុណតម្លៃសិល្បៈចែកចេញជាពីរគឺ៖ គុណតម្លៃខាងក្នុង (Intrinsic value) និង គុណតម្លៃឧបករណ៍ (Instrumental value)។

គុណតម្លៃខាងក្នុង (Intrinsic value) គឺជាគុណតម្លៃទាំងឡាយណា ដែលយើងទទួលបានប្រយោជន៍ ឬសារៈសំខាន់របស់វា ដោយផ្ទាល់ បើទោះជាវាគ្មានប្រយោជន៍ ឬជាឧបករណ៍ដើម្បីឈានទៅសម្រេចការអ្វីផ្សេងទៀតក៏ដោយ។ គុណតម្លៃដែលយើងទទួលបានពីការទៅមើលពិព័រណ៍ ឬការសំដែងសិល្បៈមួយអាចជាអារម្មណ៍រំភើប រីករាយ ជួបជុំជាមួយមិត្តភក្តិ ឬទទួលបានគំនិតមួយ ឬច្រើនពីការសំដែងនោះ។ ទាំងនោះគឺជាគុណតម្លៃខាងក្នុង ដែលទស្សនិកជនទទួលបានពីសិល្បៈ។ អារម្មណ៍រំភើប រីករាយ ជួបជុំជាមួយមិត្តភក្តិ ឬការទទួលបានគំនិតណាមួយនោះ ដែលជាគុណតម្លៃ ឬប្រយោជន៍នេះ មិនមែនជាឧបករណ៍សម្រាប់ទទួលបានផលអ្វីមួយទៀតទេ ព្រោះគុណតម្លៃនេះវាពាក់ព័ន្ធនឹងផ្លូវចិត្ត អារម្មណ៍ ទំនាក់ទំនងសង្គមរបស់ទស្សនិកជន ឬសិល្បករ។

គុណតម្លៃឧបករណ៍ (Instrumental value) គឺជាគុណតម្លៃទាំងឡាយណា​ ដែលគេប្រើដើម្បីសម្រេចបានគោលដៅផ្សេងទៀត។ ឧទាហរណ៍១៖ សិល្បៈមានតម្លៃអប់រំ (educational value) ព្រោះគេប្រើសិល្បៈដើម្បីបញ្រ្ជាបអត្ថន័យអប់រំ។ សិល្បៈមានគុណតម្លៃសេដ្ឋកិច្ច ព្រោះសិល្បៈអាចទាញរកចំណូលជូនសិល្បករ និងប្រទេសជាតិ។ លុយជាគុណតម្លៃឧបករណ៍ ព្រោះមនុស្សអាចប្រើប្រាស់លុយ ដើម្បីទិញផ្ទះ សម្ភារប្រើប្រាស់នានា។ ឧទាហរណ៍២៖ សិល្បករ ឬមេភូមិបានបង្កើតគម្រោងបន្តុកស្នាដៃចម្លាក់ថ្មីៗ (សិល្បៈ) ជាច្រើននៅតាមផ្លូវមួយខ្សែ ដែលនាំឲ្យអ្នកភូមិនោះមានការងារធ្វើ និងមានចំណូលពីទេសចរ ដែលនាំគ្នាទៅលេងនៅទីនេះ ដើម្បីបានទស្សនាចម្លាក់ថ្មីៗនោះ។ នេះជាគុណតម្លៃឧបករណ៍មួយ ដែលគេប្រើប្រាស់សិល្បៈ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងភូមិមួយ។ តើអ្នកដឹងទេថា ប្រទេសកូរ៉េខាងត្បូង ទាញបានផលចំណេញពីសិល្បៈវប្បធម៌គេមួយឆ្នាំប៉ុន្មានលានដុល្លារ? តើនៅកម្ពុជា សិល្បៈទាញបានគុណតម្លៃសេដ្ឋកិច្ចប៉ុន្មាន?

គុណតម្លៃទាំងពីរនេះ ពេលខ្លះ គេមិនអាចបែងចែកវាបានទេ។ វាតែងតែមានភាពពាក់ព័ន្ធគ្នា។ គុណតម្លៃខ្លះ អាចជាគុណតម្លៃខាងក្នុងផង និងជាគុណតម្លៃឧបករណ៍ផង។ ឧទាហរណ៍ មិត្តភាពជាគុណតម្លៃខាងក្នុង ព្រោះមិត្តភាពនាំឲ្យយើងមានភាពកក់ក្តៅ សប្បាយចិត្ត មានអារម្មណ៍ថាយើងមានអ្នកស្រឡាញ់រាប់អាន…។ល។ តែមិត្តភាពអាចនាំឲ្យមនុស្សមានសុខភាពល្អ អាចឈានទៅដល់ការមិនមានជម្ងឺ អាចមានពេលធ្វើការងារ ទទួលបានប្រាក់កម្រៃ…។ល។

ភាគច្រើនគេយល់ថា គុណតម្លៃហិរញ្ញវត្ថុ (គុណតម្លៃឧបករណ៍ (Instrumental value)) នៃសិល្បៈសំខាន់ជាងគុណតម្លៃខាងក្នុង (Instrumental value) ព្រោះវាពាំនាំមកនូវការរីកចម្រើននូវវិស័យសេដ្ឋកិច្ច។ ហេតុផលមួយ ដែលគេយល់បែបនេះ គឺអាចមកពីភាពងាយវាស់វែងបាននៃគុណតម្លៃនេះ។ អ្នកស្រាវជ្រាវអាចគណនារកឃើញនូវគុណតម្លៃសេដ្ឋកិច្ចនៃសិល្បៈជូនប្រទេសមួយបានដោយងាយស្រួល ព្រោះគេអាចគណនាជាលុយបាន។ តែគេពិបាកវាស់វែងគុណតម្លៃខាងក្នុងណាស់ ព្រោះវាស្ថិតនៅក្នុងមនុស្សម្នាក់ៗ បទពិសោធន៍រៀងៗខ្លួន។ តែគេភ្លេចថា សុខភាពល្អរបស់ពលរដ្ឋ ភាពស្រស់ស្រាយប្រកបដោយសុភមង្គល អារម្មណ៍រីករាយដែលទទួលបានពីជួបជុំមិត្តភក្តិ ចិត្តស្ងប់ ចេះគិតគូរពីរឿងសង្គម ដែលពួកគេបានទទួលបានពីសិល្បៈក៏មានគុណតម្លៃខ្លាំង ហើយអាចនាំឲ្យប្រជាជនមានសុខភាពល្អ មានទំនាក់ទំនងល្អ មានសន្តិភាព ដែលអាចនាំឲ្យពួកគេអាចធ្វើការងារបានល្អ មានប្រសិទ្ធភាពខ្ពស់ រកចំណូលបានល្អ ដែលប្រការទាំងនេះមានសក្តានុពលនាំឲ្យមានគុណតម្លៃសេដ្ឋកិច្ចផងដែរ។

ដោយមានការយល់ឃើញបែបបេះ គេសង្កេតឃើញថា នៅក្នុងគោលនយោបាយវប្បធម៌ ភាគច្រើន គេសង្កេតឃើញថា បានផ្តោតការយកចិត្តទុកដាក់ទៅលើគុណតម្លៃឧបករណ៍​នៃសិល្បៈ (Instrumental value in the arts) តែភ្លេចគិតគូរឲ្យបានស៊ីជម្រៅទៅលើគុណតម្លៃខាងក្នុងនៃសិល្បៈ (Intrinsic value in the arts)។ ថ្មីៗនេះ អ្នកសិក្សាស្រាវជ្រាវសិល្បៈ បានទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើគុណតម្លៃខាងក្នុងនៃសិល្បៈឲ្យបានស្មើនឹង គុណតម្លៃឧបករណ៍​នៃសិល្បៈផងដែរ។

នៅពេលដែលគេគិតគូរដល់គុណតម្លៃឧបករណ៍​នៃសិល្បៈ គឺគេផ្តោតលើការទាញយកគុណតម្លៃសេដ្ឋកិច្ចពីសិល្បៈ។ ដូចនេះ រដ្ឋាភិបាល ឬក្រសួងវប្បធម៌គិតគូរលើការបង្កើតរោងល្ខោន វិចិត្រសាល ផ្តល់ថវិកាផលិតភាពយន្ត បង្កើតយន្តការប្រកួតប្រជែងភាពយន្តនៅឆាកអន្តរជាតិ…។ល។ នៅពេលនេះគឺជាការគិតគូរតែការផ្តល់សេវា (supply side) និងមិនបានគិតគូរដល់ការទទួលសេវា (demand side)។ នៅពេលគេគិតគូរដល់គុណតម្លៃខាងក្នុងនៃសិល្បៈ គឺគេផ្តោតការយកចិត្តទុកដាក់ដល់ការបង្កើនសោភណ្ឌសិល្បៈ បង្កើតឱកាស និងបទពិសោធន៍ដល់ទស្សនិកជន ដើម្បីពួកគេរំភើប គិតគូរ យល់ពីខ្លឹមសារស៊ីជម្រៅនៃសិល្បៈ…ទាំងនេះហើយគឺជាគុណតម្លៃខាងក្នុងនៃសិល្បៈ ដែលនាំមនុស្សឱ្យមកជួបជុំគ្នា ឈ្វេងយល់ពីអត្តសញ្ញាណ លើកកម្ពស់យុត្តិធម៌សង្គម យល់ដឹងពីសិទ្ធិស្មើគ្នាក្នុងការបញ្ចេញទេពកោសល្យវប្បធម៌…។ល។ គុណតម្លៃខាងក្នុងនៃសិល្បៈទាំងនេះ មិនត្រូវបានគេគិតគូរព្រោះវាមិនបាននាំមកជាធនធាន…ថវិកា…នោះអី?

ដូចនេះសិល្បករ និងអ្នកបង្កើតគោលនយោបាយវប្បធម៌គួរគិតគូរដល់ការវិនិយោគលើការបង្កើតស្នាដៃសិល្បៈ និងការបង្ហាញស្នាដៃសិល្បៈ (ការបញ្ជាំងភាពយន្ត ការអានកំណាព្យ ការសំដែង គំនូរ…) ឲ្យកាន់តែមានភាពរស់រវើក សម្បូរបែប ច្នៃប្រឌិត ស៊ីជម្រៅ និងបង្កលក្ខណៈដល់ទស្សនិកជន (និងសិល្បករខ្លួនឯងផងដែរ) ទទួលបានគុណតម្លៃខាងក្នុងនៃសិល្បៈ ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា អត្ថបទនេះជាការយល់ឃើញផ្ទាល់ខ្លួន និងមិនបានបញ្ជាក់បង្ហាញពីមុខងារស្ថាប័នណាមួយជាក់លាក់ទេ។ និងមួយទៀត ខ្ញុំស្វាគមន៍ចំពោះពាក្យពេចន៍បកប្រែមួយចំនួន ដែលមានន័យល្អ គ្រប់គ្រាន់ជាងពាក្យ ដែលខ្ញុំបានបកប្រែជាភាសាខ្មែរក្នុងប្លុកនេះ។

ឯកសារពិគ្រោះបន្ថែមៈ

  1. https://www.rand.org/pubs/research_briefs/RB9106.html

2. https://theconversation.com/the-tricky-notion-of-value-in-the-arts-20408

3. https://www.theguardian.com/culture/2014/apr/27/value-of-arts-and-culture-to-society-peter-bazalgette

4.https://www.academia.edu/35290199/How_not_to_commodify_the_arts_exemplary_entrepreneurial_practice_from_India

រូបភាព៖ សិល្បករសហគ្រាសសង្គមហ្វារសំដែងល្ខោនសៀក «មាសស»​ ថតដោយ សូ ភីណា។