បុប្ផាណា ផ្កាមិនរុះរោយ

តើសៀវភៅ “បុប្ផាណា ផ្កាមិនរុះរោយ” ដែលជាស្នាដៃនិពន្ធរបស់​អ្នកនាង ជាស្នាដៃ​ផ្នែកអ្វី? បើពេលប៉ុន្មានក្នុងការនិពន្ធ? ហើយអ្វីជាបុព្វហេតុដែលបណ្ដាលឱ្យអ្នកនាងនិពន្ធសៀវភៅនេះឡើង?

“បុប្ផាណា ផ្កាមិនរុះរោយ” ជាសៀវភៅប្រលោមលោកច្នៃប្រឌិតផ្អែកលើប្រវត្តិសាស្រ្តពិត ស្តីពីជីវិតរបស់ស្រ្តីកម្ពុជាម្នាក់ឈ្មោះ ហួត បុប្ផាណា ហៅមុំ និងប្រវត្តិនៃរបត់ប្រវត្តិសាស្រ្តកម្ពុជាស្តីពីសម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋខ្មែរ (លន់ នល់) និងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ គ្រោងការសរសេររឿងនេះត្រូវចំណាយពេលបីឆ្នាំ ពោលគឺចាប់តាំងពីដើមឆ្នាំ២០១៧ រហូតដល់ចុងឆ្នាំ ២០១៩ ទើបចប់សព្វគ្រប់ និងរួចរាល់សម្រាប់បោះពុម្ព។ ការនិពន្ធសៀវភៅនេះ គឺធ្វើឡើងនៅចុងសប្តាហ៍ ថ្ងៃសម្រាកបុណ្យទានជាដើម និងត្រូវការការអាន ស្រាវជ្រាវ សម្ភាស មើលភាពយន្តឯកសារ ប្រឹក្សាយោបល់ជាមួយអ្នកស្គាល់នាង បុប្ផាណាជាដើម ដើម្បីអ្នកនិពន្ធមានរូបភាពជាក់ស្តែងជាទុនសម្រាប់ការសរសេរ។   គម្រោងនេះជាគម្រោងមួយរបស់សារមន្ទីរគុកទួលស្លែង ដែលគេបានស្នើឱ្យខ្ញុំសរសេរ​។ ដោយការយល់ឃើញថា បុប្ផាណាជាឈ្មោះនារីម្នាក់ ដែលខ្ញុំតែងតែកោតសរសើរ អាណិត និងដក់ក្នុងចិត្តជាយូរមកហើយ ទើបខ្ញុំមិនរួញរាក្នុងការទទួលយកការងារនេះ។ ខ្ញុំគិតថា ខ្ញុំជាស្រ្តីកម្ពុជាម្នាក់ បុប្ផាណាក៏ជាស្រ្តីកម្ពុជាម្នាក់ ដូចនេះខ្ញុំត្រូវសរសេរពីគាត់ ដើម្បីឱ្យជនជាតិកម្ពុជាដទៃទៀតបានស្គាល់ និងចងចាំនូវវីរភាព ភក្តីភាព និងភស្តុតាងនានានៃប្រវត្តិសាស្រ្តកម្ពុជា ដែលជាទូទៅមិនត្រូវបានគេសរសេរលំអិត។

រូបថត៖ វ៉ាន់ ចាន់ណារ៉ុង/មជ្ឈមណ្ឌលបុប្ផាណា

តើអ្វីជាគុណតម្លៃនៃសៀវភៅនេះ?

គុណតម្លៃនៃសៀវភៅប្រលោមលោកបែបប្រវត្តិសាស្រ្ត «បុប្ផាណា៖ ផ្កាមិនរុះរោយ» គឺទីមួយ គុណតម្លៃប្រវត្តិសាស្រ្ត ពោលគឺក្រៅពីពាក្យពេចន៍បែបប្រលោមលោក ដែលអ្នកនិពន្ធបានតាក់តែង ប្រលោមលោកនេះបានបង្កប់នូវខ្លឹមសារប្រវត្តិសាស្រ្ត ដែលជនជាតិកម្ពុជាគួរយល់ដឹង។ ទីពីរគឺសិល្បៈនៃការសរសេរដែលផ្តោតសំខាន់លើសំឡេងរបស់តួអង្គបុប្ផាណា និងការព្យាយាមបង្ហាញពីវីរភាព ភាពអង់អាច និងក្លាហានរបស់នាងចំពោះភាពជាមនុស្សជាតិ ភក្តីភាព និងស្នេហារបស់នាង។ ទីបីគឺការខិតខំប្រឹងប្រែងរបស់អ្នកកាច់ទំព័រ និងរចនាក្របមុខសៀវភៅ ដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅ ជាច្រើនលើកច្រើនសារ ដើម្បីធានាបាននូវសិល្បៈក្របមុខសៀវភៅ ដែលថ្មី និងប្រកបដោយសិល្បៈពិតៗ។ 

ក្នុងនាមជាស្រ្តីកម្ពុជាម្នាក់ ខ្ញុំមានមោទនភាពលើសៀវភៅនេះ ព្រោះបុប្ផាណាជានិមិត្តរូបនៃការជំនះ ភាពតស៊ូ និងភាពអង់អាចរបស់ស្រ្តីកម្ពុជា។ ដូចនេះ វាជាកិត្តិយសណាស់ ដែលខ្ញុំបានចំណាយពេល ស្រាវជ្រាវ និងសរសេរពីរឿងរ៉ាវរបស់គាត់ ដើម្បីជនជាតិកម្ពុជាបានស្គាល់ និងចាំគាត់ក្នុងចិត្តជារៀង រហូត។ ប្រលោមលោកនេះ ជាប្រលោកលោកលើកដំបូងរបស់ខ្ញុំ។ កន្លងមកខ្ញុំសរសេរ និងបោះពុម្ព តែរឿងខ្លីប៉ុណ្ណោះ។ ការសរសេរពីវីរភាពស្រ្តីមានសភាពតិចតួច នៅឡើយ ដូចនេះ ខ្ញុំមានមោទន ភាពដែលបានចូលរួមចំណែកក្នុងការនិពន្ធពីស្រ្តីកម្ពុជាដ៏សមញ្ញ ប៉ុន្តែគួរឱ្យចងចាំម្នាក់នេះ។ 

តើសៀវភៅ “បុប្ផាណា ផ្កាមិនរុះរោយ” ជាស្នាដៃនិពន្ធចុងក្រោយនាពេលបច្ចុប្បន្ន​របស់​អ្នកនាងឬយ៉ាងណា? ហើយបន្ទាប់ពីនេះ តើអ្នកនាងមានគម្រោងបញ្ចេញស្នាដៃថ្មីទៀតដែរឬទេ? បើមាន!​ តើមានចំណងជើងអ្វី? និងគ្រោងចេញផ្សាយជាផ្លូវការនៅខែណាដែរ?

សៀវភៅប្រលោមលោកច្នៃប្រឌិតផ្អែកលើប្រវត្តិសាស្រ្តពិត “បុប្ផាណា ផ្កាមិនរុះរោយ” ជាសៀវភៅប្រលោមលោកលើកទីមួយរបស់ខ្ញុំ ដែលបានបោះពុម្ពនៅចុងឆ្នាំ២០១៩។ សម្រាប់ឆ្នាំ២០២០នេះ ខ្ញុំគ្រោងបញ្ចប់ និងបោះពុម្ពស្នាដៃប្រលោមលោកមួយចំណងជើងទៀត ដែលមានចំណងជើងថា «សៀវភៅកំណត់ហេតុ» ដែលជាសៀវភៅប្រលោមលោកប្រឌិត ស្តីពីនារីម្នាក់ ដែលជំនះ និងបន្តការសិក្សានៅប្រទេសអូទ្រីស ទោះមានបញ្ហាគ្រួសារ ជំនះលើគំនាបប្រពៃណីសង្គមប្រវត្តិអតីតកាលជូរចត់ ស្មុគស្មាញយ៉ាងណាក៏ដោយ។ ខ្ញុំគ្រោងនឹងចេញឱ្យទាន់ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩នេះ។

សូមអ្នកនាង បង្ហាញពីតួនាទីការងារទាំងអស់​របស់អ្នកនាងនាពេលបច្ចុប្បន្នេះ តើមានមុខងារតួនាទីការងារអ្វីខ្លះ?

ខ្ញុំជាសហស្ថាបនិកគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា ដែលខ្ញុំជាអ្នកគ្រប់គ្រងទូទៅ និងក៏ជាអ្នកកែសម្រួលអក្ខរាវិរុទ្ធ អ្នកប្រឹក្សាយោបល់លើគម្រោងបោះពុម្ពសៀវភៅនានា។ ក្រៅពីនេះ ខ្ញុំជាសហស្ថាបនិកក្រុមស្លាបប៉ាកកាខ្មែរ បង្កើតកម្មវិធីអក្សរសិល្ប៍នានាដូចជាកម្មវិធីអានកំណាព្យ កម្មវិធីជួបជុំអ្នកនិពន្ធ និងមហោស្រពអក្សរសិល្ប៍ជាដើម។ ក្រៅពីការងារជាអ្នកនិពន្ធ ខ្ញុំធ្វើការពេញម៉ោងជាប្រធានកម្មវិធីចំណេះដឹង បណ្តាញ និងគោលនយោបាយនៅអង្គការសិល្បៈខ្មែរអមតៈ ដែលជាអង្គការសិល្បៈធំមួយនៅកម្ពុជា មានបេសកកម្មអភិវឌ្ឍ និងអភិរក្សសិល្បៈ និងវប្បធម៌នៅកម្ពុជា។

ជាចុងបញ្ចប់ តើអ្នកនាងមានអ្វីចង់​និយាយ​ទៅអ្នក​និពន្ធ​ ក៏ដូចជា​បងប្អូនខ្មែរទូទៅដែរឬទេ?

សម្រាប់អ្នកនិពន្ធ ខ្ញុំគិតថា យើងគួរនាំគ្នាពង្រឹងការយល់ដឹង និងហ្វឹកហាត់សរសេរបន្ថែមទៀត។ ការរៀនសូត្រពីគ្នាទៅវិញទៅមក ជារឿងល្អគួរឱ្យលើកទឹកចិត្ត។ សម្រាប់អ្នកអាន ខ្ញុំសូមសម្តែងការសប្បាយចិត្ត ដែលអ្នកអាននៅកម្ពុជាមានការរីកចម្រើន និងកើតសរសើរដល់ពួកគេ ដែលបានគាំទ្រអ្នកនិពន្ធនៅកម្ពុជាតាមរយៈការទិញសៀវភៅពីអ្នកនិពន្ធ។

រូបថត៖ Creator

ប្រសិនបើប្រិយមិត្តចង់ទិញសៀវភៅនេះយកទៅអាន តើពួកគាត់អាចរកទិញបានដោយវិធីណា? និងនៅតាមកន្លែងណាខ្លះ?

សម្រាប់អ្នកនៅឆ្ងាយ និងមិនមានពេលមកទិញសៀវភៅនេះ អ្នកអានអាចទូរស័ព្ទទៅលេខ 015 79 10 72/ 098 98 80 03 ខាង Creator Book ដែលទទួលសិទ្ធិលក់ផ្តាច់មុខនឹងរៀបចំផ្ញើជូន ដោយអ្នកអានត្រូវចេញថ្លៃផ្ញើបន្ថែមពីលើតម្លៃសៀវភៅ។ សម្រាប់អ្នកនៅភ្នំពេញ អ្នកអានអាចរកសៀវភៅ បុប្ផាណា ផ្កាមិនរុះរោយនៅបណ្ណា ល័យបញ្ញវន្ត, មជ្ឈមណ្ឌលសោតទសន៍បុប្ផាណា, និងហាងលក់សៀវភៅស្រលាញ់សៀវភៅ។

វង្ស សុជាតា មិត្តជិតស្និទ្ធ និងខ្ញុំ (រូបថត៖ វ៉ាន់ ចាន់ណារ៉ុង/មជ្ឈមណ្ឌលបុប្ផាណា

កំណត់ហេតុអ្នកនិពន្ធ

ភិរុណ បុគ្គលិកម្នាក់នៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បាននាំខ្ញុំទៅបន្ទប់ជាន់ក្រោម ដែលសារមន្ទីរបានរៀបចំជាពិព័រណ៍តូចមួយសម្រាប់នាងបុបា្ផណា។ ខ្ញុំសម្លឹងកែវភ្នែកទាំងគូរបស់នាងទាំងក្តុកក្តួល។ ភ្នែកដែលគ្មានតក់ស្លុតចំពោះអ្វីសោះ នៅតែមានរស្មីផ្លេកៗ ស្រស់ញញឹម ស្ថិតនៅចំពោះមុខខ្ញុំ។ តាមពិតទៅ ខ្ញុំខំទប់ទឹកភ្នែកខ្លាំងណាស់។ ខ្ញុំមិនហ៊ានសម្លឹងភ្នែកគាត់ចំពេកទេ ព្រោះវាតែងតែធ្វើឲ្យខ្ញុំខ្មាសអៀនទៅវិញ ដែលបើប្រៀបធៀបនូវសេចក្តីក្លាហានរបស់នាង គឺខ្ញុំមិនមានអ្វីប្រដូចទេ។

ទោះបីជាភ្ញៀវទេសចរកំពុងដើរចុះដើរឡើង មើលពិព័រណ៍នោះ ខ្ញុំនៅតែសម្លឹងមើលរូបថតរបស់ស្រ្តីខ្មែរម្នាក់នេះ ដែលដូចជាជនរងគ្រោះកម្ពុជាដទៃទៀតដែរ បានស្លាប់ដោយអយុត្តិធម៌ និងមិនអស់ចិត្ត។ នាងមិនមានឱកាសក្នុងការបង្ហាញឲ្យអស់ពីទឹកចិត្ត ពោលគឺបានត្រឹមតែសរសេរសំបុត្រស្នេហាទៅប្តីរបស់នាង និងរៀបរាប់អំពីសេចក្តីព្រួយ និងទុក្ខលំបាករបស់នាងប៉ុណ្ណោះ។ បន្ទាប់ពីបានឈរសម្លឹងមើលភ្នែករបស់នាងមួយស្របក់ និងខំទប់ទឹកភ្នែកមិនឲ្យស្រក់មក ភិរុណបាននាំខ្ញុំទៅអុជធូប ដើម្បីសូមការអនុញ្ញាតពីវិញ្ញាណក្ខន្ធនាងបុបា្ផណា និងសូមព្រលឹងរបស់នាងជួយថែរក្សា ផ្តល់កម្លាំងចិត្ត និងជួយប្រសិទ្ធពរឲ្យគម្រោងសរសេរប្រលោមលោកអំពីជីវិតរបស់នាងទទួលបានជោគជ័យ។

កាលពីដើមឆ្នាំ២០១៧ លោក ឆាយ    វិសុទ្ធ​ ដែលបច្ចុប្បន្ន ជានាយកសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានណាត់ជួបខ្ញុំ និងសុជាតា មិត្តជិតស្និទ្ធរបស់ខ្ញុំ នៅភោជនីយដ្ឋានមួយ​នៅម្តុំបឹងកេងកង។ គាត់បានប្រាប់អំពីបំណងចង់ចងក្រងប្រវត្តិរបស់គាត់ ជាសៀវភៅប្រលោមលោក។ ដោយយើងទាំងពីរនាក់ សុជាតា​ និងខ្ញុំ ជាអ្នកនិពន្ធប្រលោមលោក និងមានបទពិសោធន៍បោះពុម្ពសៀវភៅស្រាប់ ពួកយើងយល់ព្រមមួយរំពេច និងមានសេចក្តីអំណរយ៉ាងខ្លាំង ដែលត្រូវបានអញ្ជើញជាអ្នកនិពន្ធអំពីជីវិតរបស់នាង​បុបា្ផណា។

ចាប់ពីពេលនោះមក ខ្ញុំត្រូវរំលែកកាលវិភាគដ៏មមាញឹកពីការងារពេញម៉ោង មកសារមន្ទីរទួលស្លែង ដើម្បីអាន និងស្រាវជ្រាវលំអិតពីខ្សែជីវិតរបស់នាង និងដើម្បីបានគំនិតមកសរសេរបែបច្នៃប្រឌិត។ បន្ទាប់ពីបានគំនិតខ្លះហើយ ខ្ញុំ និងសុជាតាបានជួប និងពិភាក្សាគ្នាជារឿយ អំពីឈុតឆាកនៃខ្សែរឿងនេះ។ ក្រោយមក ពួកយើងក៏បានបែកចែកជាវគ្គ ដូចដែលអ្នកអានបានអានរួចមកហើយនេះ។ ក្រៅពីការអានលិខិតរបស់នាង និង ដែត ខ្ញុំបានមើលភាពយន្តឯកសារទាក់ទងនឹងនាងបុប្ផាណានៅមជ្ឈមណ្ឌលសោតទសន៍បុប្ផាណា ប្រឹក្សានឹងឯកសារយោងតាមសៀវភៅ និងព័ត៌មានតាមប្រព័ន្ធអ៊ិនធឺនែតបន្ថែម។

ខ្ញុំពិតជាមានក្តីរំភើបណាស់ ដែលផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី តាមរយៈលោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា ផ្តល់ឱកាស និងពេលវេលាជជែកប្រឹក្សាជាមួយខ្ញុំ ដែលនាំឱ្យមានគំនិតមួយចំនួនទៀតក្នុងការសរសេររឿងនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណដល់អ្នកអាន ដូចជា គឺ សុជាតា ជា សុភាព ជ័យ ច័ន្ទកិត្យា វង្ស​ សុជាតា និងជាពិសេសក្រុមការងារចងក្រង និងស្រាវជ្រាវឯកសារនៅសារមន្ទីរទួលស្លែង ដែលបានផ្តល់មតិត្រលប់ដ៏មានតម្លៃ និងជាហេតុនាំឱ្យខ្ញុំ ខិតខំស្រាវជ្រាវបន្តទៀត ដើម្បីធានាឱ្យបាននូវភាពសុក្រិតតាមតែអាចធ្វើបាន។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែដឹងថា អ្វីដែលខ្ញុំបានសរសេរ មិនអាចឆ្លុះបញ្ចាំងពីការពិត និងរឿងរ៉ាវបង្កប់ពីក្រោយដោយអស់សេចក្តីបានឡើយ។ ខ្ញុំសង្ឃឹមថា រឿងប្រលោមលោកមួយនេះ នឹងជាគន្លឹះបន្ត ជាទុន សម្រាប់ការសិក្សាស្រាវជ្រាវ និពន្ធនានា នាពេលអនាគត។

សម្រាប់ខ្ញុំ គម្រោងសរសេរនេះ គឺជាកិត្តិយសមួយយ៉ាងធំធេងសម្រាប់ខ្ញុំ។ កាន់តែសរសេរ​ ខ្ញុំកាន់តែស្ញើចសរសើរពីវីរភាពរបស់នាង ដែលហ៊ានផ្គើន មិនញញើត និងមិនចុះញមនឹងភាពអយុត្តិធម៌ បើទោះបីជានាង ត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ក៏ដោយ។ បុបា្ផណា គឺជានារីខ្មែរម្នាក់ ដែលខ្ញុំតែងតែគិតថាជាស្រ្តីគម្រូ និងជាភ័ស្តុតាងមួយស្តីពីភាពអង់អាចក្លាហាន ក្នុងការបញ្ចេញពីអារម្មណ៍ ក្តីស្រឡាញ់ និងភក្តីភាព និងការទាមទារនូវយុត្តិធម៌សម្រាប់នាង ប្តីនាង និងសេចក្តីស្នេហារបស់នាង។ រឿងរ៉ាវរបស់នាង បានធ្វើឱ្យខ្ញុំគិតថា​ប្រហែលជានៅមានរឿងរ៉ាវតស៊ូ រើបំរាស់ ជំនះនឹងរបបយង់ឃ្នងនេះច្រើនទៀត ​ដែលគួរតែត្រូវបានគេស្រាវជ្រាវ ចងក្រងទុកជាឯកសារបន្ថែមទៀត។

ខ្ញុំសូមឧទ្ទិសដល់ព្រលឹង ភាពមុះមុត មិនចុះញ៉មរបស់នាង ដោយសៀវភៅមួយក្បាលនេះ។ សូមព្រលឹងនាង និងប្តីឈ្មោះដែត ដែលបានទទួលមរណភាពដោយអយុត្តិធម៌បំផុតនៅ បានទៅដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមឱ្យវីរភាពរបស់នាងបុប្ផាណានៅតែបន្តរស់រានក្នុងបេះដូងជនជាតិកម្ពុជាជានិច្ចនិរន្តរ៍។​

រាជធានីភ្នំពេញ, ៣០ មីនា ២០១៧

សូ ភីណា